អភិបាលរដ្ឋ Minnesota គឺលោក Tim Walz បាននិយាយការពារខ្លួនប្រឆាំងនឹងការវាយប្រហាររបស់គណបក្សសាធារណរដ្ឋលើកំណត់ត្រាបម្រើយោធារបស់លោក កាលពីថ្ងៃអង្គារ (ទី១៣ ខែសីហា) នៅក្នុងព្រឹត្តិការណ៍យុទ្ធនាការម្នាក់ឯងលើកដំបូងរបស់លោក ចាប់តាំងពីត្រូវបានតែងតាំងជាមិត្តរួមតំណែងរបស់បេក្ខជនអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris។
ថ្លែងនៅឯសន្និបាតនយោជិតសហព័ន្ធរដ្ឋ តំបន់ និងទីក្រុងរបស់អាមេរិក ក្នុងទីក្រុង Los Angeles លោក Walz បានឆ្លើយតបដោយផ្ទាល់ជាលើកដំបូង ចំពោះការអះអាងដែលជំរុញដោយយុទ្ធនាការរបស់អតីតប្រធានាធិបតី លោក Donald Trump ដែលថា រូបលោកបានបំផ្លើសប្រវត្តិយោធារបស់លោក ដើម្បីលើកឡើងថា លោកបានបម្រើការផ្នែកប្រយុទ្ធ នៅពេលដែលរូបលោកមិនមែនបែបនោះ និងដែលថា លោកបានចាកចេញពីអង្គភាពឆ្មាំកងទ័ពជាតិ ដើម្បីឈរឈ្មោះប្រជែងតំណែងការិយាល័យសាធារណៈ ក្នុងបំណងជៀសវាងពីការដាល់ពង្រាយទៅកាន់ប្រទេសអ៊ីរ៉ាក់។
លោក Walz បាននិយាយថា៖ «ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ចំពោះការបម្រើប្រទេសរបស់ខ្ញុំ។ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា អ្នកមិនគួរប្រមាថមើលងាយដល់ការប្រវត្តិសេវាកម្មរបស់អ្នកដទៃនោះឡើយ»។
គួរបញ្ជាក់ថា លោក Walz បានចូលនិវត្តន៍ពីឆ្មាំជាតិ ក្នុងឆ្នាំ២០២៥ បន្ទាប់ពីបម្រើការរយៈពេល ២៤ឆ្នាំ ពោលគឺ ១ឆ្នាំមុនពេលកងវរសេនាតូចកាំភ្លើងធំរបស់លោកត្រូវបានដាក់ពង្រាយទៅកាន់អ៊ីរ៉ាក់។ នៅពេលលោកចូលនិវត្តន៍ ទាហានបានដឹងថា មានការដាក់ពង្រាយ នាពេលខាងមុខ ប៉ុន្តែបទបញ្ជាពិតប្រាកដ បានកើតឡើងក្រោយប៉ុន្មានខែ បន្ទាប់ពីលោក Walz ដែលពេលនោះមានវ័យ ៤១ឆ្នាំ បានចាកចេញរួចហើយដើម្បីទៅឈរឈ្មោះក្នុងសភាតំណាងរាស្រ្ត។ នៅថ្ងៃទី១៣ ខែសីហា លោកបានបង្ហាញថា ការសម្រេចចិត្តនោះ គឺជាសកម្មភាពចំណែកមួយផ្សេងទៀត៕