កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមសកម្មជនមកពីអង្គការហិណ្ឌូននិយមស្តាំ បាននាំគ្នាតវ៉ានៅតំបន់ភាគខាងលិចប្រទេសឥណ្ឌា ជុំវិញការប្រព្រឹត្តអំពើឃោឃៅលើសាសនិកហិណ្ឌូនៅប្រទេសជិតខាងបង់ក្លាដែស ហើយនិងទាមទារឲ្យជនអន្តោប្រវេសន៍បង់ក្លាដែស ត្រូវតែបញ្ជូនទៅកាន់ប្រទេសរបស់ពួកគេវិញ ។
ខណៈពេលកាន់បដាគាំទ្រសាសនាហិណ្ឌូ និងស្រែកពាក្យស្លោក ក្រុមសកម្មជននៅទីក្រុង Ahmedabad និយាយថា បញ្ឈប់អំពើហិង្សាលើសាសនិកហិណ្ឌូ បើសិនជាអ្នកស្នាក់នៅប្រទេសឥណ្ឌា ដល់ពេលនោះ អ្នកត្រូវតែនិយាយថា “ព្រះរាមដ៏ប្រសើរ” ។
បដាធំកាន់ដោយក្រុមបាតុករសរសេរថា “បញ្ជូនជនអន្តោប្រវេសន៍បង់ក្លាដែស ត្រឡប់ទៅវិញ សាសនិកហិណ្ឌូលែងអាចអត់ធ្មត់បានទៀតហើយចំពោះអំពើឃោឃៅ” ។
សាសនិកហិណ្ឌូបង់ក្លាដែសរាប់រយនាក់ បានព្យាយាមរត់ភៀសខ្លួនដោយពុំបានជោគជ័យទៅកាន់ប្រទេសឥណ្ឌាកាលពីសប្តាហ៍មុន ក្រោយផ្ទះសម្បែង និងអគារធុរកិច្ចរបស់សហគមន៍ភាគតិច ត្រូវបានបំផ្លិចបំផ្លាញ បន្ទាប់ពីការផ្តួលរំលំរដ្ឋាភិបាលលោកស្រីនាយករដ្ឋមន្រ្តី Sheikh Hasina កាលពីថ្ងៃចន្ទសប្តាហ៍មុន ។
គ្រូបង្រៀនម្នាក់ ត្រូវបានសម្លាប់ និងមនុស្សយ៉ាងហោច ៤៥នាក់ បានរងរបួស ដោយសារភាពរំជើបរំជួលមួយនេះ ។
ក្រុមនិស្សិតដែលបានដឹកនាំបាតុកម្មប្រឆាំងលោកស្រី Hasina និងបានសម្លាប់មនុស្សជិត ៣០០នាក់ ចាប់តាំងពីខែកក្កដារហូតមក បានជំរុញឲ្យពលរដ្ឋមិនត្រូវមានគោលដៅវាយប្រហារលើសហគមន៍ភាគតិចនោះឡើយ នៅក្នុងប្រទេសមានពលរដ្ឋភាគច្រើនជាជនមូស្លីមមួយនេះ ប៉ុន្តែក្រុមមេដឹកនាំសហគមន៍ហិណ្ឌូ និយាយថា ពួកគេងាយរងគ្រោះ ដោយសារខ្វះខាតរដ្ឋាភិបាលដំណើរការ ៕