លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកភាគខាងលិច បានជំរុញឱ្យសាលារៀនទាំងអស់ក្នុងរដ្ឋ អនុវត្តការរឹតបន្តឹងលើការប្រើប្រាស់ស្មាតហ្វូននៅក្នុងថ្នាក់រៀន ខណៈឆ្នាំសិក្សាថ្មី ចាប់ផ្តើម។
នៅក្នុងលិខិតមួយផ្ញើទៅកាន់ថ្នាក់ដឹកនាំសាលារៀន កាលពីថ្ងៃអង្គារ លោក Newsom បានបញ្ជាក់ពីតម្រូវការក្នុងការបង្កើតបរិយាកាសសិក្សាដ៏ល្អបំផុតសម្រាប់សិស្ស ខណៈបញ្ជាក់ពីការព្រួយបារម្ភដែលកំពុងកើនឡើង ជុំវិញការប្រើប្រាស់ស្មាតហ្វូនច្រើនពេក ក្នុងចំណោមយុវវ័យ។
លោក បាននិយាយថា ការប្រើប្រាស់ស្មាតហ្វូនច្រើនពេកក្នុងចំណោមយុវវ័យ ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងភាពអន្ទះសារ ជំងឺបាក់ទឹកចិត្ត និងបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀត ដោយជំរុញឱ្យសាលារៀន មានចំណាត់ការនៅពេលនេះ ដើម្បីជួយសិស្សឱ្យផ្តោតការយកចិត្តទុកដាក់នៅសាលារៀន ដោយការដាក់កម្រិតលើការប្រើប្រាស់ស្មាតហ្វូន របស់ពួកគេ។
ការអំពាវនាវរបស់អភិបាលរដ្ឋឱ្យចាត់វិធានការនេះ ធ្វើឡើងបន្ទាប់ពីមានភស្តុតាងជាច្រើនទាក់ទងទៅនឹងការប្រើប្រាស់ស្មាតហ្វូន ពាក់ព័ន្ធបញ្ហាសុខភាពផ្លូវចិត្តផ្សេងៗចំពោះមនុស្សវ័យក្មេង។
យោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលបានលើកឡើងដោយ លោក Newsom បានឲ្យដឹងថា ៧២ភាគរយនៃគ្រូបង្រៀនថ្នាក់វិទ្យាល័យ និង៣៣ភាគរយនៃគ្រូបង្រៀនកម្រិតមធ្យម បានរាយការណ៍ ពីការរំខានដោយទូរស័ព្ទដៃ ថាជាបញ្ហាចម្បង។