ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិត(UN)លោកស្រី Linda Thomas-Greenfield និយាយថា សហរដ្ឋអាមេរិក មានបំណងធ្វើឲ្យកម្តៅធ្លាក់ចុះនៅតំបន់មជ្ឈិមបូព៌ា ស្របពេលក្តីបារម្ភនៃការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ លើអ៊ីស្រាអែល ជិតលេចចេញជារូបរាងហើយនោះ ។
លោកស្រី Linda និយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខ UNនៅទីក្រុងញូវយ៉កថា សហរដ្ឋអាមេរិក ចង់រារាំង និងការពារការវាយប្រហារនាពេលអនាគតណាមួយ ហើយនិងចៀសវាងជម្លោះក្នុងតំបន់ ។
មាននូវក្តីបារម្ភថា អ៊ីរ៉ង់ អាចនឹងសងសឹកអ៊ីស្រាអែល បន្ទាប់ពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh កាលពីខែកក្កដា នៅទីក្រុងតេអេរ៉ង់ គឺជាអ្វីមួយដែលអ៊ីស្រាអែល ពុំបាននិយាយថា ខ្លួនជាអ្នកនៅពីក្រោយនោះទេ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden លើកឡើងថា ការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា នឹងអាចរារាំងអ៊ីរ៉ង់ ពីការវាយប្រហារលើអ៊ីស្រាអែល ។
ពេលចាកចេញពីយន្តហោះ អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង New Orleans រដ្ឋ Louisiana លោក Biden និយាយថា ពួកយើងនឹងរង់ចាំមើលថាតើអ៊ីរ៉ង់នឹងធ្វើអ្វី ហើយពួកយើងនឹងរង់ចាំមើលទៀតថាតើនឹងមានអ្វីកើតឡើង បើសិនជាមានការវាយប្រហារណាមួយ ប៉ុន្តែលោកមិនបោះបង់ចោលនោះទេ ៕