ប្រទេសអាម៉ង់បានស្នើឲ្យប៉ូឡូញចាប់ខ្លួនគ្រូបង្ហាត់មុជទឹកជនជាតិអ៊ុយក្រែនម្នាក់ ដែលត្រូវបានចោទប្រកាន់ថា ជាផ្នែកមួយរបស់ក្រុមដែលបានបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពី ២ឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ដែលបានចេញផ្សាយ នៅថ្ងៃពុធ (ទី១៤ ខែសីហា) នេះ។
តែយ៉ាងណាក្ដី ប្រព័ន្ធផ្សព្វផ្សាយមួយ បានរាយការណ៍ថា បុរសម្នាក់នោះហាក់ដូចជាលែងរស់នៅក្នុងប្រទេសប៉ូឡូញទៀតហើយ។ គួរបញ្ជាក់ថា បំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 ដែលមានតម្លៃរាប់ពាន់លានដុល្លារ ត្រូវបានបំផ្លាញដោយការផ្ទុះបន្តបន្ទាប់គ្នា នៅក្នុងខែកញ្ញា ឆ្នាំ២០២២ ដោយហេតុការណ៍នោះកើតក្រោយរយៈពេល ៧ខែបន្ទាប់ពីរុស្ស៊ីបានបើកការលុកលុយពេញលេញលើអ៊ុយក្រែន។
ដោយដកស្រង់សម្ដីពីប្រភព ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន SZ និង Die Zeit បានរាយការណ៍ថា អ្នកស៊ើបអង្កេតអាល្លឺម៉ង់ ជឿថា អ្នកមុជទឹកជនជាតិអ៊ុយក្រែនរូវនោះ គឺជាផ្នែកនៃក្រុមដែលបានរៀបចំការបំផ្ទុះនោះ។
ការិយាល័យអគ្គរដ្ឋអាជ្ញាអាល្លឺម៉ង់ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ ដែលបានលើកឡើងថា រដ្ឋាភិបាលអាល្លឺម៉ង់បានប្រគល់ដីកាចាប់ខ្លួនអឺរ៉ុបទៅប៉ូឡូញ កាលពីខែមិថុនា។ ចំណែកការិយាល័យរដ្ឋអាជ្ញាសាធារណជាតិប៉ូឡូញ ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីភ្លាមៗនោះដែរ។
មិនខុសគ្នាដែរ ក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ហើយក្រសួងយុត្តិធម៌មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយតាមរយៈអ៊ីម៉ែល (សារអេឡិកត្រូនិច)៕