ក្រុមអ៊ិស្លាមហាម៉ាសប៉ាឡេស្ទីន នៅថ្ងៃពុធ (ទី១៤ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់ហ្កាហ្សាជុំថ្មី ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥ ខែសីហាស្អែកនោះ នៅប្រទេសកាតា ដោយការសម្រេចនេះធ្វើឲ្យក្តីសង្ឃឹមមានកាន់តែតិចទៅៗ សម្រាប់ការចរចាឲ្យមានបទឈប់បាញ់ ដែលប្រភពពីអ៊ីរ៉ង់និយាយថា អាចទប់ស្កាត់ការវាយប្រហាររបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែលបាន។
សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនរំពឹងថា កិច្ចចរចាដោយប្រយោល នឹងប្រព្រឹត្តទៅដូចការគ្រោងទុក នៅរដ្ឋធានីដូហារបស់ប្រទេសកាតា នាថ្ងៃទី 15 ខែសីហា ហើយថា កិច្ចព្រមព្រៀងឈប់បាញ់ នៅតែអាចឈានដល់បាន។ តែយ៉ាងណាក្ដី សារព័ត៌មាន Axios បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានពន្យារពេលធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី១៣ ខែសីហា។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ៣រូប បាននិយាយថា មានតែកិច្ចព្រមព្រៀងឈប់បាញ់ នៅតំបន់ហ្កាហ្សាប៉ុណ្ណោះ ដែលនឹងជួយរារាំងអ៊ីរ៉ង់មិនឲ្យសងសឹកដោយផ្ទាល់ ចំពោះអ៊ីស្រាអែល ក្រោយការធ្វើឃាតលើមេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh នៅលើដែនដីរបស់ខ្លួន កាលពីខែកក្កដា។
រដ្ឋាភិបាលអ៊ីស្រាអែល បានប្រាប់ថា ខ្លួននឹងបញ្ជូនគណៈប្រតិភូទៅកាន់កិច្ចពិភាក្សា នៅថ្ងៃទី១៥ ខែសីហា ប៉ុន្តែក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា បានស្នើសុំផែនការដែលអាចដំណើរការបាន ដើម្បីអនុវត្តសំណើដែលខ្លួនបានទទួលយក ជាជាងការពិភាក្សាបន្ថែមទៀត។
គួរបញ្ជាក់ថា មិនទាន់ឃើញមានការធូរស្រាលនៅឡើយទេ ក្នុងការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា ជាកន្លែងដែលអ្នកស្រុកនៅភាគខាងត្បូងនៃទីក្រុង Khan Younis បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានបំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង នៅភាគខាងកើត និងបាញ់ផ្លោងពីរថក្រោះកាន់តែខ្លាំងឡើងៗទៅលើតំបន់ភាគខាងកើតនៃកណ្តាលទីក្រុងនេះ៕
