ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Helsinki នាថ្ងៃពុធនេះដោយមានការគាំទ្រពីនាយករដ្ឋមន្រ្តីអេស្តូនីលោក Kristen Michal នាយករដ្ឋមន្រ្តីហ្វាំងឡង់ លោក Petteri Orpo និយាយថា អ៊ុយក្រែន មានសិទ្ធិការពារខ្លួនឯង ហើយនិងមានសិទ្ធិចុះប្រតិបត្តិការសឹកនៅតំបន់ Kursk របស់រុស្ស៊ី ។
លោក Orpo និយាយថា អ៊ុយក្រែនមានសិទ្ធិការពារខ្លួនឯង ហើយច្បាស់ណាស់ថា ពួកគេអាចចុះប្រតិបត្តិការនៅតំបន់ Kursk ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានេះដែរ លោក Michal និយាយថា ពួកយើងគាំទ្រយ៉ាងពេញទំហឹងឲ្យអ៊ុយក្រែន ចុះប្រតិបត្តិការសឹកផ្សេងៗទៀត ដើម្បីរំដោះប្រទេសរបស់ពួកគេ ។
គួរឲ្យដឹងថា ទាហានអ៊ុយក្រែនរាប់ពាន់នាក់ បានរុលទៅមុខឆ្លងកាត់ព្រំដែនរុស្ស៊ីនៅព្រឹកថ្ងៃទី ៦ ខែសីហា ចូលទៅក្នុងតំបន់ភាគខាងលិច Kursk របស់រុស្ស៊ី ។
អ៊ុយក្រែនដណ្តើមគ្រប់គ្រងបានផ្នែកខ្លះនៃតំបន់ Kursk ហើយបើទោះបីជាលោកប្រធានាធិបតី Vladimir Putin និយាយថា កងទ័ពរុស្ស៊ីបានរុញច្រានទាហានអ៊ុយក្រែនយ៉ាងណាក្តី ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា មកទល់នឹងពេលនេះនៅតែមិនអាចបណ្តេញទាហានអ៊ុយក្រែនចេញមកវិញដដែល ៕