ក្រុមនិស្សិត និងសាស្រ្តាចារ្យរាប់ពាន់នាក់ នាំគ្នាតវ៉ានៅសាកលវិទ្យាល័យទីក្រុង Sanaaប្រទេសយេម៉ែន ដើម្បីបង្ហាញសាមគ្គីភាពជាមួយតំបន់ហ្កាហ្សា និងគាំទ្រជនប៉ាឡេស្ទីន ។
ក្រុមបាតុករនាំគ្នាដង្ហែក្បួនឆ្លងកាត់បរិវេនសាកលវិទ្យាល័យ កាន់បដាសរសេរថ្កោលទោសសកម្មភាពសឹករបស់អ៊ីស្រាអែល ស្របពេលពួកគេស្រែកពាក្យស្លោកប្រឆាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ។
ក្រុមជីវពលហាម៉ាស់គាំទ្រដោយអ៊ីរ៉ង់របស់ប៉ាឡេស្ទីន បានចាប់ផ្តើមជម្លោះ អំឡុងការវាយឆ្មក់ឆ្លងកាត់ព្រំដែនចូលទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរជាង ២៥០នាក់ ។
អ៊ីស្រាអែលបានវាយបកវិញ ដោយបានសម្លាប់ជនប៉ាឡេស្ទីនជិត ៤ម៉ឺននាក់ និងមនុស្សជាង ៩២.០០០នាក់ផ្សេងទៀត រងរបួស និងបានធ្វើឲ្យតំបន់ហ្កាហ្សាក្លាយជាផេះផង់ ។
ដោយឡែក អ៊ីស្រាអែល និងក្រុមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ បានផ្ទុះអាវុធដាក់គ្នាផងដែរ ចាប់តាំងពីក្រុមជីវពលហាម៉ាស់ប៉ាឡេស្ទីន វាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ និងបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា ដែលពុំបានបង្ហាញសញ្ញានៃការបញ្ចប់ ៕