ក្រុមហ៊ុនទេសចរណ៍ នៅថ្ងៃពុធ (ទី១៤ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា កូរ៉េខាងជើងនឹងចាប់ផ្ដើមឲ្យមានឡើងវិញនូវដំណើរទេសចរណ៍អន្តរជាតិទៅកាន់ទីក្រុង Samjiyon ភាគឦសានរបស់ប្រទេស ក្នុងខែធ្នូ ហើយក៏ប្រហែលជានៅផ្នែកផ្សេងទៀតរបស់ប្រទេសផងដែរ។
ចំណាត់ការនេះ គឺជាសញ្ញាមួយដែលបង្ហាញថា ប្រទេសឯកោមួយនេះ កំពុងត្រៀមខ្លួនបើកចំហព្រំដែនឡើងវិញ ដើម្បីទទួលក្រុមអ្នកទេសចរបរទេសច្រើនជាងមុន បន្ទាប់ពីការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹងអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។
ក្រុមហ៊ុនទេសចរណ៍ Koryo Tours ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា៖ «យើងបានទទួលការបញ្ជាក់ពីដៃគូក្នុងស្រុករបស់យើងថា ទេសចរណ៍ទៅកាន់ទីក្រុង Samjiyon និងទំនងជាផ្នែកផ្សេងទៀតរបស់ប្រទេស នឹងចាប់ផ្តើមឡើងវិញជាផ្លូវការ ក្នុងខែធ្នូ ឆ្នាំ២០២៤ នេះ»។
គួរបញ្ជាក់ថា ជើងហោះហើរអន្តរជាតិទាំងក្នុង និងក្រៅប្រទេសកូរ៉េខាងជើង បានដំណើរការឡើងវិញ កាលពីឆ្នាំមុន ហើយអ្នកទេសចររុស្ស៊ីមួយក្រុមតូច បានធ្វើដំណើរតាមយន្តហោះទៅកាន់កូរ៉េខាងជើង សម្រាប់ដំណើរទេសចរណ៍ឯកជន ក្នុងខែកុម្ភៈ។ ហើយមន្ត្រីបរទេសជាន់ខ្ពស់ជាច្រើនរូប ក្នុងនោះរួមទាំងវត្តមានរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែមិថុនាផងដែរ បាន និងកំពុងបំពេញទស្សនកិច្ចនៅប្រទេសនេះ។ ប៉ុន្តែកូរ៉េខាងជើងមិនបានបើកចំហទាំងស្រុងទទួលភ្ញៀវទេសចរអន្តរជាតិនោះទេ ចាប់តាំងពីឆ្នាំ២០២០ មក៕