អ៊ុយក្រែនកំពុងសាងសង់សំណង់ការពារសឹកសត្រូវថ្មីនៅតាមព្រំដែនរុស្ស៊ី រវាងតំបន់ Kursk និងតំបន់ Sumy ជាការត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការវាយប្រហាររបស់ទីក្រុងម៉ូស្គូ ជាការឆ្លើយតបនឹងការវាយលុករបស់ពួកគេនៅតំបន់ Kursk ។
នៅថ្ងៃពុធនេះ ក្រុមការងារប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ កំពុងធ្វើការនៅតំបន់ព្រំដែន Sumy ដើម្បីសាងសង់ខ្សែបន្ទាត់ការពារថ្មី ធ្វើពីសំណង់ធ្មេញនាគប្រឆាំងរថក្រោះ និងបន្លាលួស ។
នៅក្នុងការវាយប្រហារឆ្លងកាត់ព្រំដែនធំបំផុតនៅក្នុងសង្រ្គាមមកទល់នឹងពេលនេះ អ៊ុយក្រែន និយាយថា ពួកគេដណ្តើមគ្រប់គ្រងបានទីតាំងឈរជើង ៧៤កន្លែងនៅក្នុងតំបន់ Kursk របស់រុស្ស៊ី ហើយពួកគេនៅបន្តរុលទៅមុខ ដោយដណ្តើមបានការគ្រប់គ្រងទឹកដីប្រវែងពី ១គ.ម ទៅ ៣គ.ម ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
ប្រតិបត្តិការសឹកដ៏គួរភ្ញាក់ផ្អើលនេះដែរ បានធ្វើឲ្យអ៊ុយក្រែន ដណ្តើមបានសមរភូមិប្រយុទ្ធធំបំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០២២រហូតមក ក្រោយទប់ទល់អស់រយៈពេលជាច្រើនខែកន្លងមកនេះ ។
ដោយឡែក ទីក្រុងម៉ូស្គូ បានបញ្ជាឲ្យកងកម្លំាងរបស់ខ្លួនបញ្ឈប់ការរុលចូលរបស់កងទ័ពអ៊ុយក្រែន ដែលបច្ចុប្បន្នបានអូសបន្លាយពេលជាង ១សប្តាហ៍មកហើយ ៕