ប្រទេសក្រិក នៅថ្ងៃពុធ (ទី១៤ ខែសីហា) នេះ បានគណនាតម្លៃខូចខាតដោយសារអគ្គិភ័យដ៏បំផ្លិចបំផ្លាញ នៅខាងក្រៅទីក្រុងអាតែន ដែលបានឆក់យកជីវិតមនុស្សម្នាក់ បង្ខំឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងចំណាយពេល ៣ថ្ងៃ ដើម្បីគ្រប់គ្រងបាន។
ដោយផ្សែងនៅតែហុយមិនទាន់បាត់ទាំងស្រុង មន្ត្រីការពារស៊ីវិល បានប្រាប់ថា អគ្គិភ័យបានឆាបឆេះផ្ទៃដីប្រហែល ១០.០០០ហិកតា ដោយបានបំផ្លាញផ្ទះប្រហែល ១០០ខ្នង ព្រមទាំងអគារជាច្រើនខ្នង និងរថយន្តជាច្រើនគ្រឿងផងដែរ។
ចំណែកសេវាពន្លត់អគ្គិភ័យ បានឲ្យដឹងថា ទោះបីជាអគ្គិភ័យទំហំតូច នៅតែមិនទាន់រលត់ក៏ដោយ ក៏មិនមានការឆាបឆេះខ្លាំងក្លានោះដែរ ប៉ុន្តែរថយន្តពន្លត់អគ្គិភ័យប្រហែល ៥៣០គ្រឿង និងរថយន្ត ១៤៥គ្រឿង កំពុងតាមមើលចំហេះនេះយ៉ាងដិតដល់។
គួរបញ្ជាក់ថា អគ្គិភ័យបានឆាបឆេះឡើង កាលពីថ្ងៃទី១១ ខែសីហា នៅទីក្រុង Varnavas ជិតទីក្រុងប្រវត្តិសាស្ត្រ Marathon ដែលមានចម្ងាយ ៤០គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងកើតទីក្រុងអាតែន។
សារព័ត៌មាន Kathimerini បានរាយការណ៍ថា អ្នកស៊ើបអង្កេតយល់ថា បង្គោលភ្លើងខុសបច្ចេកទេស អាចជាមូលហេតុនាំឲ្យមានចំហេះកើតឡើង។ ហើយខ្យល់បក់ខ្លាំង បានជួយជំរុញអណ្តាតភ្លើងរាលដាលកាន់តែខ្លាំង ដែលប្រែក្លាយទៅជាចំហេះព្រៃដ៏អាក្រក់បំផុត នាឆ្នាំនេះ នៅប្រទេសក្រិក។
រដ្ឋាភិបាលបានផ្តល់ថវិកាចំនួន ៤,៨លានអឺរ៉ូរួចហើយ សម្រាប់ទីក្រុងចំនួន៨ ដែលរងគ្រោះដោយអគ្គិភ័យ ដោយបានផ្ដល់ប្រាក់ដល់គ្រួសារ និងបុគ្គលដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ៕