ពោធិ៍សាត់៖ ឯកឧត្ដម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកម្លាំងជំនាញចម្រុះ រួមមានមន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលជលផល កងរាជអាវុធហត្ថខេត្ដ យោធាខេត្ដ និងរដ្ឋបាលស្រុកក្រគរបានចុះពិនិត្យបទល្មើសនេសាទក្នុងភូមិសាស្រ្តស្រុកក្រគរ ដោយប្រើប្រាស់កម្លាំងសរុបចំនួន៤០នាក់ ប្រើប្រាស់កាណូត ៥គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ខាងលិចកំពង់លួងចំនុចចំណង់ក្របី ស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។ ជាលទ្ធផល បានរុះរើ របាំងខុសក្រឡានិង
ដកហូតនិងបំផ្លាញ របាំងស្បៃមុងខុសច្បាប់ ០៤ខ្សែ ប្រវែង ៧៥០ម៉ែត្រ - លូកងស្បៃមុង ចំនួន ៤មាត់ - ក្បាលបរចំនួន ០៤គ្រឿង - បង្គោល ចំនួន ៦៤០ដើម ព្រមទាំងចាក់លែងកូនត្រីប្រាចំនួន ១០០ គីឡូក្រាម និងកូនត្រីចម្រុះចំនួន ២០ គីឡូក្រាម ។ ក្រោយបានធ្វើការត្រួតពិនិត្យរួច ឯកឧត្តមបានដាក់បទបញ្ជាយ៉ាងតឹងរឹងដល់ មន្រ្ដីជំនាញ និងអាជ្ញាធរមូលដ្ឋាន កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ -ស្រុកបន្ដធ្វើការ រុះរើ បំផ្លាញចោលរបាំងនេះទៀត ជាពិសេសខាងលិចកំពង់លួងក្នុងរដូវបិទនេសាទ នឹងត្រូវធ្វើការរឹតបន្តឹងការទប់ស្កាត់បទល្មើសទាំងនេះឲ្យខាងតែបាន ដើម្បីការពារមច្ឆាជាតិ។





