ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី៩ នៅវិទ្យាស្ថានជាតិអប់រំ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំដល់តាជី យាយជីឲ្យជួយណែនាំបន្ថែមដល់កូនចៅ និងក្មេងៗនៅតាមមូលដ្ឋានរបស់ខ្លួនកុំឲ្យប៉ះពាល់គ្រឿងញៀន និងទង្វើផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខ និងសង្គមជាតិស្អប់ខ្ពើម។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំតាមបែបព្រះពុទ្ធសាសនាដល់ប្រជាពលរដ្ឋ ដល់យុវជន គឺជាការចូលរួមថែរក្សាសន្ដិភាពរបស់កម្ពុជា តាមរយៈការអប់រំផ្លូវកាយ និងផ្លូវចិត្តធ្វើឱ្យយុវជនមានសន្ដិភាពផ្លូវចិត្ត។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មហិច្ឆិតារបស់រាជរដ្ឋាភិបាលចង់បានធំបំផុត គឺភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយតាមមូលដ្ឋាននានាមិនឲ្យមានបទល្មើសផ្សេងៗ ដូចជាបញ្ហា ក្មេងទំនើង គ្មានការបង្ហោះម៉ូតូ គ្មានដាវសាំម៉ារៃ គ្មានអំពើហិង្សាផ្សេងៗ ជាពិសេសនោះគឺបញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាចារ្យទាំងអស់ដែលបានចងក្រងក្បួនច្បាប់ព្រះពុទ្ធសាសនាជាច្រើន ដើម្បីទុកឱ្យពលរដ្ឋបានរៀនសូត្របន្ត។ សម្ដេចបានលើកទឹកចិត្តដល់អាចារ្យទាំងអស់ ចូលរួមចងក្រងឱ្យត្រឹមត្រូវតាមក្បួន, ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវក្បួនច្បាប់ព្រះពុទ្ធសាសនា។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បើចង់ថែរក្សា វប្បធម៌ ប្រពៃណី និងចង់ពង្រឹងការឯកភាព និងស្ថិរភាពនយោបាយនៅកម្ពុជា គឺត្រូវធ្វើយ៉ាងណាកុំឱ្យប្រទេសជាតិមានសង្គ្រាមជាមុនសិន។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានបរទេសណាមកប្រឈមមុខជាមួយខ្មែរទេ ប៉ុន្ដែខ្មែកំពុងប្រឈមមុខដាក់ខ្មែរគ្នាឯង។ រឿងនេះ គឺត្រូវឱ្យខ្មែរយោគយល់គ្នា ឯកភាពគ្នា បើមិនដូច្នេះទេរឿងនេះនឹងនាំឱ្យខ្មែរមានជម្លោះគ្នាឯង បែកបាក់សាមគ្គីជាតិដូចជាប្រវត្តិសាស្រ្តដែលខ្មែរធ្លាប់ជួបប្រទះ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការចេញចូលទឹកដីខ្មែរ គឺចេញចូលទៅតាមច្បាប់ ដូច្នេះគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ។ ប៉ុន្ដែអ្វីដែលត្រូវព្រួយបារម្ភនោះ គឺការបែកបាក់ឯកភាពជាតិ បែកបាក់សាមគ្គីផ្ទៃក្នុង ចំណុចនេះហើយដែលធ្វើឱ្យខ្មែរខ្សោយ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការកង្វល់អំពីជាតិរបស់យើងជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា។ អ៊ីចឹងការឯកភាពជាតិ ការរួមគ្នាថែរក្សាអត្តសញ្ញាណជាតិ គឺជាអ្វីដែលយើងត្រូវរួមគ្នាថែរក្សា។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីកុំឱ្យកង្វល់រឿងបាត់បង់ទឹកដីក្លាយជាការពិត គឺយើងត្រូវរួមគ្នាថែរក្សាទឹកដី សាមគ្គីភាពគ្នា រួមគ្នាថែរក្សាអធិបតេយ្យភាពរបស់កម្ពុជា ការឈ្លោះគ្នាមិនអាចថែរក្សាទឹកដីខ្មែរបានទេ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែតថ្លែងថា នៅថ្ងៃទី២២ខែសីហាខាងមុខនេះ សម្ដេចនឹងទទួលបុរាណវត្ថុ ដែលបាត់ចេញពីទឹកដីកម្ពុជានៅអំឡុងសម័យសង្គ្រាម និងត្រូវអាម៉េរិករកឃើញហើយប្រគល់មកឱ្យកម្ពុជាវិញ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្ដេចតែងតែតាមដាន ពិនិត្យមើលរាល់បញ្ហា និងកង្វល់របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ដូចជាពេលកន្លងមក ពលរដ្ឋមានកង្វល់លើបញ្ហាដីធ្លី បញ្ហាអសន្ដិសុខ សម្ដេចតែងតែប្រាប់ទៅអភិបាលរាជធានី-ខេត្ត ដោះស្រាយភ្លាមៗ។ សម្ដេចបញ្ជាក់ថា ការស្ដាប់កង្វល់របស់ប្រជាពលរដ្ឋដែលបានលើកឡើងគឺជារឿងសំខាន់។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖រឿងក្ដីបារម្ភលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA គឺយើងមានប្រជាពលរដ្ឋបីប្រភេទ គឺប្រជាពលរដ្ឋអ្នកមានកង្វល់ ប្រជាពលរដ្ឋក្រុមអ្នកយល់ និងក្រុមអ្នកស្ងៀមស្ងាត់ ហើយក្រុមស្ងៀមស្ងាត់នេះ គឺជាក្រុមធំបំផុត។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជំហរមួយរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺប្រឆាំងការបំបែករដ្ឋ។ បើយើងប្រកាន់ជំហរបែបនេះ គឺយើងមិនអនុញ្ញាតឱ្យមានការបំបែកខេត្តនៅកម្ពុជាដាច់ខាត។ ដូច្នេះប្រជាពលរដ្ឋសូមកុំមានកង្វល់ចំពោះរឿងបាត់ខេត្តទាំង៤របស់កម្ពុជាឱ្យសោះ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលបារម្ភរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ប្រកាន់អភិក្រម ជជែកគ្នា ប៉ុន្ដែធ្វើយ៉ាងណាកុំធ្វើសកម្មភាពប៉ះពាល់ដល់អសន្ដិសុខជាតិ នាំឱ្យខ្មែរបែកបាក់សាមគ្គីភាពជាតិ។
-សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ដើម្បីលុបបំបាត់កង្វល់របស់បងប្អូនប្រជាពលរដ្ឋទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀណាម គឺមានតែរាជរដ្ឋាភិបាល ខិតអភិវឌ្ឍន៍តំបន់ខេត្តទាំងបួននោះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺផ្នែកហេដ្ឋារចនាសម្ព័ន្ធតែម្តង។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋ និងសាធារណជន សូមរួមគ្នាអភិវឌ្ឍនៅតំបន់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី និងការរីកចម្រើន ព្រមទាំង ដើម្បីលុបបំបាត់ការមន្ទិលសង្ស័យផងដែរ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពានាវដល់ប្រជាពលរដ្ឋ ត្រូវមានភាពអំណត់ ជឿជាក់ និងពិនិត្យមើលលទ្ធផលជាក់ស្ដែងលើការអភិវឌ្ឍខេត្តទាំង៤ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាតើមានការអភិវឌ្ឍបែបណានាពេលខាងមុខ។
-សម្តេចធិបតីនាយករដ្ឋមន្រ្តីអះអាងថា បើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសហើយធ្វើឲ្យបាត់បង់ទឹកដីខេត្តចំនួនបួន ដែលដាក់ចូលក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដូចការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋនោះសូមបោះឆ្នោតទម្លាក់សម្តេច និងគណបក្សប្រជាជនចោលទៅចុះ! ទាក់ទងនឹងបញ្ហាខាងលើនេះសម្តេចធិបតី សូមអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋសូមកុំឈ្លោះប្រកែកគ្នា ជេរគ្នា ដោយសារបញ្ហានេះ៕
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលស្ដាប់រាល់កង្វល់ទាំងអស់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA និងដោះស្រាយបញ្ហានោះឱ្យបាន ដូច្នេះពលរដ្ឋត្រូវរួបរួមគ្នា សាមគ្គីគ្នា។ បងប្អូនបញ្ចេញមតិ ប៉ុន្ដែកុំធ្វើសកម្មភាពហួសព្រំដែនកំណត់។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកថា បើរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA បាត់បង់ទឹកដី ចុះហេតុអ្វីរឿងនេះតាំងពីជាង២៥ឆ្នាំមុន ពេលបក្សប្រឆាំងនៅជាសមាជិកសភាមិនព្រមជំទាស់តាំងពីពេលនោះ ទើបមកបញ្ឆេះរឿងអូសទាញយុវជនឱ្យធ្វើបាតុកម្មនាពេលនេះ?
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលប្ដេជ្ញារក្សាអធិបតេយ្យភាព ការពារបូរណភាពទឹកដី ជំរុញការអភិវឌ្ឍ និងរក្សាស្ថិរភាពសុខសន្តិភាពជូនកម្ពុជាឱ្យខាងតែបាន។
-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ មានយុវជនកម្ពុជាម្នាក់បានសួរទៅអ្នកជំនាញជប៉ុន អំពីកិច្ចសហប្រតិបតិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ថាតើនឹងធ្វើឱ្យកម្ពុជា បាត់បង់ទឹកដីដែរឬទេ? ជប៉ុន បានពន្យល់ខ្មែរថា ការអភិវឌ្ឍនៅតំបន់ព្រំដែននៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម(CLV-DTA) មិនធ្វើឱ្យបាត់បង់បូរណភាពទឹកដីប្រទេសណាមួយនោះទេ។ ជប៉ុនក៏បានផ្ដល់ជំនួយដល់កិច្ចសហប្រតិបតិការនៅតំបន់ព្រំដែននៃប្រទេសទាំងបីនោះផងដែរ។
ប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចប់នៅម៉ោង ១០និង២៦នាទី