លោក ភូមថាំ វិជ្ជយៈឆៃ (Phumtham Wechayachai) មកពីគណបក្សភឿថៃ (Pheu Thai) ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្តីទី បន្ទាប់ពីតុលាការក្នុងប្រទេសថៃ បានសម្រេចដកលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ចេញពីតំណែងកាលពីថ្ងៃពុធ (១៤ សីហា) ជុំវិញការបំពានក្រមសីលធម៌។

លោក ភូមថាំ ធ្លាប់ជាឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រោមការដឹកនាំរបស់លោក សេដ្ឋា។ តុលាការធម្មនុញ្ញ បានកាត់ក្តីលើសំណុំរឿងដែលពាក់ព័ន្ធនឹងការតែងតាំងសមាជិកគណៈរដ្ឋមន្រ្តីរបស់លោក សេដ្ឋា ដែលធ្លាប់ជាប់ពន្ធនាគារពីបទប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការ។ ក្នុងសំឡេងគាំទ្រ ៥ ទល់នឹង៤ តុលាការបានសម្រេចដកលោក សេដ្ឋា ចេញពីតំណែងភ្លាមៗ។
រដ្ឋាភិបាលចាំផ្ទះមួយនឹងចូលកាន់តំណែងគណៈរដ្ឋមន្ត្រីដែលរង់ចាំការអនុម័តដោយសភាសម្រាប់នាយករដ្ឋមន្ត្រីថ្មី។ មិនមានពេលវេលាកំណត់សម្រាប់សភាដើម្បីបំពេញមុខតំណែងកំពូលនេះភ្លាមៗទេ ហើយគណៈរដ្ឋមន្ត្រីចាំផ្ទះក៏អាចរំលាយសភា និងហៅឱ្យមានការបោះឆ្នោតថ្មីដែរ។
ប្រសិនបើសភាត្រូវដាក់ភារកិច្ចឱ្យជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី សភាអាចជ្រើសរើសចេញពីបញ្ជីបេក្ខជនដែលត្រូវបានតែងតាំងសម្រាប់តំណែងកាលពីឆ្នាំមុនដោយគណបក្សនយោបាយធំៗ។ ភ្លាមៗក្រោយការប្រកាសសាលក្រម លោក សេដ្ឋា បានថ្លែងអំណរគុណដល់ចៅក្រមដែលបានផ្តល់ឱកាសឱ្យលោកការពារខ្លួន និងនិយាយថា លោកគោរពការសម្រេចនេះ ហើយថាលោកតែងតែព្យាយាមប្រព្រឹត្តដោយក្រមសីលធម៌រហូតមកក្នុងពេលកាន់តំណែង៕