មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសបានប្រាប់ទូរទស្សន៍BBC ថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចចរចាដោយប្រយោលស្តីពីបទឈប់បាញ់នៅដែនដីហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដែលបន្តនៅទីក្រុងដូហាប្រទេសកាតានៅថ្ងៃព្រហស្បតិ៍នេះទេ។

ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ ចង់បានផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តកិច្ចព្រមព្រៀង ហើយនឹងមិនចូលរួមក្នុងការចរចាដើម្បីជាប្រយោជន៍ដល់ការចរចាដើម្បីផ្តល់ការគ្របដណ្តប់សម្រាប់អ៊ីស្រាអែលក្នុងការបន្តសង្រ្គាមរបស់ខ្លួនឡើយ។

មន្ត្រីជាន់ខ្ពស់ខាងលើបានរំលឹកឡើងវិញថា ផែនទីបង្ហាញផ្លូវគួរតែផ្អែកលើកិច្ចព្រមព្រៀងដែលបានស្នើឡើងដោយលោកប្រធានាធិបតីអាមេរិក Joe Biden កាលពីចុងខែឧសភា ហើយបានចោទប្រកាន់អ៊ីស្រាអែលថាបានបន្ថែមលក្ខខណ្ឌថ្មី ដើម្បីអូសបន្លាយសង្គ្រាម។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបដិសេធការចោទប្រកាន់ពីសំណាក់ក្រុមហាម៉ាស ហើយបាននិយាយថាក្រុមហាម៉ាស ជាអ្នកទាមទារឲ្យមានការផ្លាស់ប្តូរលក្ខខណ្ឌថ្មី ។
កិច្ចចរចានៅតែត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅទោះបីជាគ្មានក្រុមហាម៉ាសក៏ដោយ ខណៈ ក្រុមអ្នកសម្របសម្រួលរបស់សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា និយាយថាពួកគេអាចប្រើប្រាស់ លក្ខខណ្ឌនានារួមគ្នាចេញជាផែនការមួយដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់៕