អង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធទី ១៤ ខែសីហា បានប្រកាសថា ជំងឺអុតស្វា ជាភាពអាសន្នសុខភាពសាធារណៈសកល លើកទីពីរក្នុងរយៈពេល២ឆ្នាំមកនេះ បន្ទាប់ពីការផ្ទុះឡើងការឆ្លងវីរុស នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបានរាលដាលចូលដល់ប្រទេសជិតខាង។

គណៈកម្មាធិការគ្រាអាសន្ន បានជួបប្រជុំគ្នាកាលពីថ្ងៃពុធ ដើម្បីផ្តល់យោបល់ដល់អគ្គនាយកអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus ថាតើការផ្ទុះឡើងជំងឺនេះបង្កើតជា «ភាពអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិដែរឬយ៉ាងណា»។
ស្ថានភាព ភាពអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ(PHEIC) គឺជាកម្រិតនៃការប្រកាសអាសន្នខ្ពស់បំផុតរបស់អង្គការសុខភាពពិភពលោក(WHO) និងមានគោលបំណងពន្លឿនការស្រាវជ្រាវ ការផ្តល់មូលនិធិ និងវិធានការសុខភាពសាធារណៈអន្តរជាតិ ព្រមទាំងកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ជំងឺនេះ។

លោក Tedros បាននិយាយថា «វាច្បាស់ណាស់ថា ការឆ្លើយតបជាអន្តរជាតិដែលត្រូវបានសម្របសម្រួល គឺចាំបាច់ដើម្បីបញ្ឈប់ការផ្ទុះរាលដាលទាំងនេះ និងជួយសង្គ្រោះជីវិត» ។
ជំងឺអុតស្វា អាចឆ្លងរាលដាលតាមរយៈទំនាក់ទំនងជិតស្និទ្ធ។ ជាធម្មតាមានស្ថានភាពស្រាល ប៉ុន្តែវាអាចបណ្តាលឲ្យស្លាប់បាន ក្នុងករណីកម្រ។ វាបណ្តាលឱ្យមានរោគសញ្ញាដូចជំងឺផ្តាសាយ និងមានដំបៅដែលមានខ្ទុះនៅលើរាងកាយ។
ជំងឺនេះ បានរីករាលដាលពីប្រទេសកុងហ្គោ ទៅកាន់ប្រទេសជិតខាង រួមមានប្រទេស ប៊ូរុនឌី កេនយ៉ា រ៉្វាន់ដា និងអ៊ុយហ្គង់ដា ដែលបង្កឱ្យមានចំណាត់ការពីអង្គការសុខភាពពិភពលោក។
លោក Tedros បាននិយាយកាលពីថ្ងៃពុធថា អង្គការសុខភាពពិភពលោក បានបញ្ចេញមូលនិធិសង្គ្រោះបន្ទាន់ចំនួន១,៥លានដុល្លារ ហើយគ្រោងនឹងបញ្ចេញមូលនិធិបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ផែនការឆ្លើយតបរបស់អង្គការសុខភាពពិភពលោក នឹងត្រូវការថវិកាដំបូងចំនួន១៥លានដុល្លារ ហើយទីភ្នាក់ងារនេះ មានផែនការអំពាវនាវដល់ម្ចាស់ជំនួយ សម្រាប់ការផ្តល់មូលនិធិ។