ក្នុងឱកាសអញ្ជើញ សំណេះសំណាលជាមួយអាចារ្យ អាចារិនីចំនួន១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋ ដែលព្រួយបារម្ភលើ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) សូមរក្សានូវក្រមសីលធម៌ ជជែកគ្នាដោយសន្ដិវិធី ហើយកុំធ្វើសកម្មភាពនាំឱ្យប៉ះពាល់ដល់សន្ដិសុខជាតិ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលស្ដាប់រាល់កង្វល់ទាំងអស់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងដោះស្រាយបញ្ហានោះឱ្យបាន ដូច្នេះពលរដ្ឋត្រូវរួបរួមគ្នា សាមគ្គីគ្នា ហើយបងប្អូនបញ្ចេញមតិ ប៉ុន្ដែកុំធ្វើសកម្មភាពហួសព្រំដែនកំណត់។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺជាការបន្ថែមនូវអត្ថប្រយោជន៍ និងទាញនូវប្រសិទ្ធភាព នៃការតភ្ជាប់គ្នាលើការអភិវឌ្ឍខេត្តជាប់ព្រំដែនរបស់កម្ពុជាឱ្យមានការរីកចម្រើន ដោយអនុវត្តស្របទៅតាមច្បាប់ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ៕ អត្ថបទ៖ វន ដារ៉ា
