ប្រជាជនរស់នៅទីក្រុងបាងកក ប្រទេសថៃ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការបណ្តេញលោកសេដ្ឋា ថាវីស៊ីន ចេញពីតំណែង ជានាយករដ្ឋមន្ត្រីថៃ ពុំមែនជារឿងដែលនឹកស្មានមិនដល់នោះទេ ប៉ុន្តែបានបង្ហាញពីការព្រួយបារម្ភ អំពីបញ្ហាសេដ្ឋកិច្ច។

អ្នកស្រី Wilai ម្ចាស់ហាងសៀវភៅមានអាយុ៦០ឆ្នាំ បាននិយាយថា អ្នកស្រីគិតថា ប្រសិនបើនយោបាយនៅតែបន្តបែបនេះ សេដ្ឋកិច្ចនឹងមិនអាចដើរទៅមុខរួចនោះទេ។

ប្រទេសថៃ ត្រូវបានញាំញីជាថ្មីម្តងទៀតដោយរឿងនយោបាយ ដែលមានរយៈពេលមិនដល់មួយឆ្នាំនោះទេ បន្ទាប់ពីលោក សេដ្ឋា បានឡើងកាន់តំណែង បន្ទាប់ពីការជាប់គាំងសភា ជាច្រើនសប្តាហ៍ ដោយគណបក្សភឿថៃរបស់លោក កំពុងពុះពារដើម្បីរក្សាការគ្រប់គ្រង។
ម្ចាស់ហាងលក់អាហារតាមផ្លូវអាយុ ៦៥ ឆ្នាំ ម្នាក់ បាននិយាយថា អ្នកស្រី មិនភ្ញាក់ផ្អើលពេកនោះទេ ព្រោះនេះជារបៀបដែលប្រទេសថៃធ្វើ។
គណបក្សភឿថៃ នឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជ្រើសរើសអ្នកបន្តតំណែងជំនួសលោកសេដ្ឋា ខណៈគណបក្សកំពុងពង្រឹងសម្ព័ន្ធភាពរបស់ខ្លួន មុនការបោះឆ្នោតសភាដ៏សំខាន់ សម្រាប់នាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃសុក្រ ទី១៦ ខែសីហា។