ក្រសួងយុត្តិធម៌អាមេរិក បាននិយាយកាលពីថ្ងៃពុធ (១៤ សីហា) ថា កិច្ចព្រមព្រៀងប្តឹងផ្តល់ជាមួយក្រុមហ៊ុន ប៊ូអ៊ីង (Boeing) ជុំវិញការចោទប្រកាន់ព្រហ្មទណ្ឌពាក់ព័ន្ធនឹងប្រព័ន្ធ សូហ្វវែរ (software) ដែលទាក់ទងនឹងការធ្លាក់យន្តហោះ 737 MAX ដ៏ធ្ងន់ធ្ងរចំនួនពីរលើក គួរតែត្រូវបានទទួលយក បន្ទាប់ពីសាច់ញាតិមួយចំនួននៃអ្នកស្លាប់ទាំង ៣៤៦នាក់នៅក្នុងឧបទ្ទវហេតុចំនួនពីរលើកនេះ បានអំពាវនាវឱ្យបដិសេធកិច្ចព្រមព្រៀង។

កាលពីខែមុន ក្រុមហ៊ុនផលិតយន្តហោះនេះបានបញ្ចប់កិច្ចព្រមព្រៀងមួយដើម្បីផ្ដល់ចម្លើយពីភាពមានទោសចំពោះការចោទប្រកាន់ពីបទសមគំនិតក្លែងបន្លំកម្រិតព្រហ្មទណ្ឌ និងបង់ប្រាក់យ៉ាងហោចណាស់ ២៤៣,៦លានដុល្លារ បន្ទាប់ពីបំពានកិច្ចព្រមព្រៀងកាត់ទោសឆ្នាំ២០២១។

ក្រសួងយុត្តិធម៌បាននិយាយនៅក្នុងឯកសារតុលាការកាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងនេះ «គឺជាដំណោះស្រាយដ៏រឹងមាំ និងសំខាន់ដែលឱ្យ Boeing ទទួលខុសត្រូវ និងបម្រើផលប្រយោជន៍សាធារណៈ។ ក្រុមហ៊ុន Boeing ត្រូវបានទាមទារឱ្យទទួលយកការផាកពិន័យជាអតិបរមាតាមច្បាប់ចំនួន ៤៨៧,២លានដុល្លារ បន្ថែមពីលើទឹកប្រាក់រាប់ពាន់លានដុល្លារដែលក្រុមហ៊ុននេះបានបង់រួចទៅហើយក្នុងសំណុំរឿងដែលពាក់ព័ន្ធ»។

ក្រសួងបានច្រានចោលការទាមទាររបស់ក្រុមគ្រួសារជនរងគ្រោះដែលថាក្រុមហ៊ុន Boeing គួរតែប្រឈមនឹងការផាកពិន័យខ្ពស់ជាងនេះ បន្ទាប់ពីឧប្បត្តិហេតុធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីក្នុងឆ្នាំ២០១៨ និងនៅអេត្យូពី ក្នុងឆ្នាំ២០១៩ បានសម្លាប់សាច់ញាតិរបស់ពួកគេ។ មេធាវីតំណាងគ្រួសារមួយចំនួនបាននិយាយក្នុងឯកសារតុលាការកាលពីខែមុន ការផាកពិន័យរហូតដល់ ៤៨៧លានដុល្លារនេះ «គឺមិនគ្រប់គ្រាន់ទេ ព្រោះវាមិនអាចឆ្លុះបញ្ចាំងពីទង្វើរបស់ក្រុមហ៊ុន Boeing ដែលបានសម្លាប់ជនរងគ្រោះស្លូតត្រង់រាប់រយនាក់នេះបានឡើយ»៕