ប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានធ្វើការវាយប្រហារដោយយានដ្រូនរយៈចម្ងាយឆ្ងាយទ្រង់ទ្រាយធំបំផុតរបស់ខ្លួនក្នុងសង្គ្រាម លើអាកាសយានដ្ឋានយោធារុស្ស៊ីចំនួន ៤ នៅពេលយប់ ដែលត្រូវបានសាទរដោយលោកប្រធានាធិបតី វ្ល៉ូឌីមី ហ្ស៊េឡិនស្គី ( Volodymyr Zelenskiy)ថា«ទាន់ពេលវេលា» និង «ត្រឹមត្រូវ»។

អគ្គសេនាធិការកងទ័ព បាននិយាយនៅលើបណ្តាញសង្គម Telegram ថា មូលដ្ឋានទ័ពអាកាស «Khalino», «Savasleyka», «Borisoglebsk» និង «Baltimor» នៅក្នុងតំបន់ Voronezh, Kursk និង តំបន់ Nizhniy Novgorod ត្រូវបានវាយប្រហារ។
អគ្គសេនាធិការកងទ័ព បានបន្ថែមថា៖«គោលដៅសំខាន់ គឺឃ្លាំងផ្ទុកប្រេងឥន្ធនៈ និងប្រេងរំអិល និងអាវុធអាកាសចរណ៍» ដោយនិយាយថា លទ្ធផលនៃការវាយប្រហារនោះ កំពុងត្រូវបានបញ្ជាក់ឲ្យច្បាស់លាស់។

ប្រភពសន្តិសុខទីក្រុងគីវ បាននិយាយថា ការវាយប្រហារនេះ មានគោលបំណងធ្វើឲ្យខូចសមត្ថភាពរបស់ទីក្រុងមូស្គូ ក្នុងការប្រើប្រាស់យន្តហោះចម្បាំងសម្រាប់ការវាយប្រហារទម្លាក់គ្រាប់បែកលើអ៊ុយក្រែន។
ប្រភពនោះ បាននិយាយថា៖ «សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យលើការអះអាងនេះបានទេ។ ប្រទេសអ៊ុយក្រែន កំពុងធ្វើការវាយតម្លៃទំហំនៃការខូចខាត។
លោក ហ្ស៊េឡិនស្គី បាននិយាយនៅពេលលោកថ្លែងទៅកាន់យោធាកាលពីថ្ងៃពុធថា៖«សូមអរគុណចំពោះការវាយប្រហារដ៏ត្រឹមត្រូវ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ទៅលើដែនអាកាសរុស្ស៊ី»។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយមុននេះថា ការការពារដែនអាកាសរបស់ខ្លួន បានបំផ្លាញយានដ្រូន ចំនួន ១១៧គ្រឿង និងមីស៊ីលតាក់ទិចចំនួន ៤គ្រាប់ ដែលត្រូវបានបាញ់ដោយអ៊ុយក្រែន នៅតំបន់ជាច្រើនរួមទាំងតំបន់ Kursk ផងដែរ។