ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានព្រមានថា ការពង្រឹងទំនាក់ទំនងត្រីភាគីជាមួយទីក្រុងវ៉ាស៊ីនតោន ប្រថុយនឹងការបង្វែរប្រជាជនកូរ៉េខាងត្បូង និងជប៉ុន ឱ្យក្លាយជា «អ្នករងកាណុងគ្រាប់នុយក្លេអ៊ែរ» បើមានការវាយប្រហារណាមួយកើតឡើង។

ការអត្ថាធិប្បាយដែលមិនបានចុះហត្ថលេខានៅក្នុងទីភ្នាក់ងារសារព័ត៌មានរដ្ឋកណ្តាលរបស់កូរ៉េ KCNA កាលពីថ្ងៃអង្គារ (១៣ សីហា) នេះបាននិយាយថា ការគំរាមកំហែងផ្នែកយោធាពីសហរដ្ឋអាមេរិក បានបង្ខំឱ្យកូរ៉េខាងជើង «ពង្រឹងការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែររបស់ខ្លួន»។

អត្ថបទរបស់ KCNA បាននិយាយថា «ការគំរាមកំហែងនុយក្លេអ៊ែរ» របស់កូរ៉េខាងជើង ដែលត្រូវជំរុញដោយសហរដ្ឋអាមេរិក គឺជាលទ្ធផលជៀសមិនរួចនៃគោលនយោបាយអរិភាពដែលចាក់ឫសយ៉ាងជ្រៅដែលមានរយៈពេលរាប់ទសវត្សរ៍ និងរាប់សិបជំនាន់របស់អាមេរិក។

អត្ថបទនោះបានបន្ថែមថា ការបង្កើនទំនាក់ទំនងសន្តិសុខក្នុងចំណោមសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង បានបង្កើត «វិបត្តិសន្តិសុខត្រីភាគីធ្ងន់ធ្ងរ» នៅក្នុងតំបន់។
គួររម្លឹកថា សម្ព័ន្ធមិត្តទាំងបីបានរៀបចំកិច្ចប្រជុំកំពូលមួយនៅវិមានសម្រាកលំហែប្រធានាធិបតីអាមេរិក ខេម ដេវីដ (Camp David) កាលពីឆ្នាំមុន ហើយចាប់តាំងពីពេលនោះមកបានបង្កើនភាពជាដៃគូយោធារបស់ពួកគេ រួមទាំងការធ្វើសមយុទ្ធយោធាត្រីភាគីជាលើកដំបូងកាលពីខែមិថុនា ក្នុងគោលបំណងទប់ទល់ការគំរាមកំហែងរបស់កូរ៉េខាងជើង៕