សារព័ត៌មាន Sueddeutsche Zeitung (SZ) បានរាយការណ៍ដោយដកស្រង់ការស៊ើបអង្កេតរួមគ្នាដោយទូរទស្សន៍ ARD និងកាសែត Die Zeit ថា រដ្ឋអាជ្ញាអាល្លឺម៉ង់ បានចេញដីកាចាប់ខ្លួនគ្រូបង្រៀនមុជទឹកជនជាតិអ៊ុយក្រែនម្នាក់ ដែលត្រូវបានគេសង្ស័យថា បានដើរតួនាទីក្នុងការបំផ្លិចបំផ្លាញបំពង់បង្ហូរ ឧស្ម័ន Nord Stream ។
យោងតាមសារព័ត៌មាននេះ ជនសង្ស័យដែលពាក់ព័ន្ធក្នុងបញ្ហានេះ ជាជនជាតិអ៊ុយក្រែន ឈ្មោះ Vladimir Z. ជាគ្រូបង្រៀនសាលាមុជ ដែលគេស្គាល់កន្លែងលាក់ខ្លួនចុងក្រោយនៅប្រទេសប៉ូឡូញ។ ទោះបីជាយ៉ាងណា ជនសង្ស័យនេះ បានគេចខ្លួនបាត់ហើយ។
សារព័ត៌មាន SZ បាននិយាយថា រដ្ឋអាជ្ញាសាធារណៈសហព័ន្ធអាល្លឺម៉ង់ ក៏កំពុងធ្វើការស៊ើបអង្កេតលើគ្រូមុជជនជាតិអ៊ុយក្រែនពីរនាក់ផ្សេងទៀត រួមទាំងស្ត្រីម្នាក់ផងដែរ។ ជាមួយគ្នា អ្នកទាំងបី ត្រូវបានគេសង្ស័យថា បានបង្កើតជាក្រុមនាវិកនៃនាវាកម្សាន្ត Andromeda ដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់អាល្លឺម៉ង់។
សារព័ត៌មាននេះ បានអះអាង នាវានេះ ប្រហែលជាត្រូវបានប្រើប្រាស់សម្រាប់ការបញ្ជូនគ្រឿងផ្ទុះ ដើម្បីបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ។ នៅក្នុងបទសម្ភាសន៍ជាមួយ SZ ស្ត្រីរូបនេះ បាននិយាយថា ខ្លួមមិនដែលជួបជាមួយលោក Vladimir Z. ដោយអះអាងថា នឹងទៅវិស្សមកាលនៅប្រទេសប៊ុលហ្គារី ក្នុងខែកញ្ញាឆ្នាំ២០២២។ សារព័ត៌មាននេះ មិនអាចទាក់ទងប្តីរបស់ខ្លួន ដែលជាជនសង្ស័យទី៣ និងជាជនសង្ស័យចុងក្រោយបានទេ។ ខណៈដែលអ្នកស៊ើបអង្កេតអាល្លឺម៉ង់ មិនមានភ័ស្តុតាងដែលភ្ជាប់ជនសង្ស័យទៅនឹងយោធា ឬរដ្ឋាភិបាលអ៊ុយក្រែន គឺសកម្មភាពតាមអ៊ីនធឺណិតរបស់ពួកគេ បង្ហាញយ៉ាងច្បាស់ថា អ្នកទាំងបី គឺជាអ្នកគាំទ្រអ៊ុយក្រែន។