សារព័ត៌មានរ៉យទ័រ បាននិយាយថា កិច្ចចរចាបទឈប់បាញ់អំពីតំបន់ហ្កាហ្សាស្ទ្រីប នឹងត្រូវបានធ្វើឡើងនៅទីក្រុងដូហា ដែលមានអ៊ីស្រាអែល កាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ចូលរួម។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ចលនាហាម៉ាសប៉ាឡេស្ទីន នឹងមិនចូលរួមក្នុងការចរចានោះទេ «ប៉ុន្តែ មន្ត្រីម្នាក់ដែលបានផ្តល់ព័ត៌មានអំពីកិច្ចពិភាក្សា បាននិយាយថា ក្រុមអ្នកសម្រុះសម្រួល រំពឹងថា នឹងពិគ្រោះយោបល់ជាមួយក្រុមប៉ាឡេស្ទីននេះ នៅពេលក្រោយ»។
ប្រភពដែលដឹងពីបញ្ហានេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមហាម៉ាស ចង់ឲ្យអ្នកសម្រុះសម្រួលត្រឡប់មកវិញជាមួយនឹង«ការឆ្លើយតបយ៉ាងច្បាស់លាស់»ពីអ៊ីស្រាអែល។ ប្រសិនបើរឿងនោះ កើតឡើង តំណាងក្រុមហាម៉ាស នឹងជួបជាមួយអ្នកសម្រុះសម្រួល បន្ទាប់ពីកិច្ចប្រជុំថ្ងៃព្រហស្បតិ៍នេះ។
កិច្ចចរចាថ្មីមួយស្តីពីបទឈប់បាញ់តំបន់ហ្កាហ្សា ត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅទីក្រុងដូហា នៅថ្ងៃទី ១៥ ខែសីហានេះ។ អាជ្ញាធររបស់អ៊ីស្រាអែល បានអនុម័តការបញ្ជូនគណៈប្រតិភូទៅចូលរួមការចរចា។ កាលពីថ្ងៃទី ១១ ខែសីហា ក្រុមហាម៉ាស បានជំរុញឲ្យក្រុមអ្នកសម្រុះសម្រួល បង្ហាញចលនាហាម៉ាសប៉ាឡេស្ទីន ជាមួយនឹងផែនការជាក់លាក់មួយសម្រាប់ការអនុវត្តបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយបន្ទាប់មកធ្វើឲ្យអ៊ីស្រាអែលសង្កេតមើលការអនុវត្តនោះ។