ក្រុមហ៊ុន Google បានបញ្ជាក់ថា ក្រុមចោរព័ត៌មានវិទ្យាគាំទ្រដោយប្រទេសអ៊ីរ៉ង់ កំពុងកំណត់គោលដៅក្នុងយុទ្ធនាការរបស់គូប្រជែងប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris និង លោក Donald Trump ។
យោងតាមរបាយការណ៍នៃការគំរាមកំហែង ដែលចេញផ្សាយដោយ Google បានឲ្យដឹងថា ក្រុមចោរព័ត៌មានវិទ្យាដែលគេស្គាល់ថា «APT42» មានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានតាមដានបុគ្គល និងអង្គការដែលមានតំណែងខ្ពស់ នៅក្នុងប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក រួមទាំងមន្ត្រីរដ្ឋាភិបាល និងយុទ្ធនាការនយោបាយ។
យុទ្ធនាការរបស់បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បាននិយាយថា យុទ្ធនាការត្រូវបានដាក់គោលដៅដោយក្រុមចោរព័ត៌មានវិទ្យាបរទេស ប៉ុន្មានថ្ងៃបន្ទាប់ពីយុទ្ធនាការរបស់គូប្រជែង គឺលោក Donald Trump បានលើកឡើងថា ខ្លួនត្រូវបានលួចចូលប្រើប្រាស់ដោយអ៊ីរ៉ង់។
មន្ត្រីយុទ្ធនាការ របស់លោកស្រី Harris បានប្រាប់សារព័ត៌មាន AFP ថា នៅក្នុងខែកក្កដា ក្រុមផ្នែកច្បាប់ និងសន្តិសុខ នៃយុទ្ធនាការ ត្រូវបានផ្តល់ដំណឹងដោយទីភ្នាក់ងារ FBI ថា យើងត្រូវបានគេកំណត់គោលដៅដោយប្រតិបត្តិការដ៏មានឥទ្ធិពលពីបរទេស។