រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងនាយករដ្ឋមន្ត្រីកាតា នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែសីហា) នេះ បានព្រមានគ្រប់ភាគីទាំងអស់កុំឲ្យបំផ្លាញកិច្ចចរចាបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ដែលគ្រោងនឹងធ្វើ នៅក្នុងប្រទេសឈូងសមុទ្រ ដែលនេះទំនងជាការព្រមានដោយប្រយោលមួយទៅកាន់អ៊ីរ៉ង់ ក្រុមហាម៉ាស និងអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា នៅក្នុងការហៅទូរសព្ទមួយ លោក Blinken និងព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al-Thani បានលើកឡើងថា៖ «គ្មានភាគីណាមួយ នៅក្នុងតំបន់ គួរចាត់វិធានការដែលនឹងធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយនោះឡើយ»។
ជាមួយគ្នានេះ សេចក្ដីថ្លែងការក៏បានឲ្យដឹងទៀតថា ឥស្សរជនជាន់ខ្ពស់ទាំង២ បានពិភាក្សាអំពី «កិច្ចប្រឹងប្រែង ដើម្បីធ្វើឲ្យស្ងប់នូវភាពតានតឹងក្នុងតំបន់ និងអំពីសារៈសំខាន់នៃការបញ្ចប់ឲ្យបានសព្វគ្រប់នូវបទឈប់បាញ់ នៅតំបន់ហ្កាហ្សា»។
គួរបញ្ជាក់ថា ប្រទេសកាតាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះកិច្ចចរចាបទឈប់បាញ់ នៅតំបន់ហ្កាហ្សា នាថ្ងៃទី១៥ ខែសីហានវ ដោយស្វះស្វែងរកកិច្ចព្រមព្រៀងមិនច្បាស់លាស់ រហូតមកដល់ពេលនេះ ដែលសហរដ្ឋអាមេរិកសង្ឃឹមថា នឹងអាចជួយបញ្ឈប់អ៊ីរ៉ង់កុំឲ្យវាយប្រហារអ៊ីស្រាអែល និងបញ្ចៀសសង្គ្រាមកុំឲ្យរាលដាលកាន់តែធំឡើងៗ។
អ្នកសម្រុះសម្រួលសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប បានអញ្ជើញអ៊ីស្រាអែល និងក្រុមហាម៉ាសឲ្យចូលរួមកិច្ចចរចា ក្នុងគោលបំណងបញ្ចប់ការប្រយុទ្ធគ្នា ដែលក្រសួងសុខាភិបាលនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា បានសម្លាប់មនុស្សជិត ៤០.០០០នាក់ នៅក្នុងដែនដីប៉ាឡេស្ទីន៕