បាល់ទាត់៖ កីឡាករអាឡឺម៉ង់ Jerome Boateng ត្រូវបានគេរកឃើញថា មានពិរុទ្ធភាពពីបទវាយធ្វើបាបអតីតមិត្តស្រីរបស់ខ្លួន ហើយត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពិន័យ ១,៨លានអឺរ៉ូ (១,៥លានផោន)។

Boateng បានបដិសេធទង្វើរបស់ខ្លួន ដែលធ្វើឱ្យម្តាយកូនស្រីភ្លោះរបស់គាត់មានឈ្មោះថា Sherin S ក្នុងអំឡុងពេលឈ្លោះប្រកែកគ្នានៅថ្ងៃឈប់សម្រាកក្នុងឆ្នាំ២០១៨។ នាងបានប្រាប់តុលាការនៅទីក្រុង Munich ថា អតីតខ្សែការពារក្រុម Bayern Munich និងជាម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៤ ជាមួយក្រុមអាល្លឺម៉ង់នោះបានដាល់នាងយ៉ាងខ្លាំងរហូតសន្លប់បាត់ស្មារតី។ ផ្ទុយទៅវិញនៅក្នុងសក្ខីកម្មរបស់គាត់ Jerome Boateng បែរជាពិពណ៌នាព្រឹត្តិការណ៍ខុសគ្នា។
នៅក្រោមច្បាប់អំពើហិង្សាក្នុងគ្រួសាររបស់ប្រទេសអាឡឺម៉ង់ Boateng អាចជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។ ដោយស្លៀកពាក់ឈុតអាវធំពណ៌ខៀវ Boateng ត្រូវបានអង្គរក្សអមដំណើរនៅពេលគាត់ទៅដល់តុលាការ ជាមួយមេធាវីរបស់គាត់ឈ្មោះ Kai Walden នៅព្រឹកថ្ងៃព្រហស្បតិ៍៕
អត្ថបទ៖នាង សុភាវុធ