មន្ត្រីបារាំង បានប្រាប់ឲ្យដឹងថា យន្តហោះយោធាបារាំង ២គ្រឿង បានបុកគ្នានៅកណ្តាលអាកាស នាភាគខាងកើតប្រទេស នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែសីហា) នេះ ដោយហេតុការន៍នោះបានសម្លាប់បុគ្គលិកយោធា ២នាក់ ខណៈម្នាក់នៅរស់។
តាមរយៈការប្រកាសនៅលើបណ្ដាញ X ប្រធានាធិបតីបារាំង លោក Emmanuel Macron បានកំណត់អត្តសញ្ញាណអ្នកស្លាប់ នៅក្នុងឧបទ្ទវហេតុយន្តហោះប្រភេទ Rafale ថា មា្នក់ជាកាពីតែន លោក Sebastien Mabire និងម្នាក់ទៀតជាលោកអនុសេនីយ៍ទោ Matthis Laurens។
ប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍ថា ម្នាក់ក្នុងចំណោមអ្នកទាំង២ ជាអ្នកបើកយន្តហោះហាត់ការ និងម្នាក់ទៀត ជាអ្នកបើកយន្តហោះ។ រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា អ្នកបើកយន្តហោះផ្សេងទៀតបានរួចជីវិត។
យន្តហោះទាំងនោះមានមូលដ្ឋាន នៅឯទីតាំងយោធា Saint-Dizier នាភាគឦសានប្រទេសបារាំង៕