មេដឹកនាំនៃគណបក្សប្រឆាំងដ៏សំខាន់របស់អូស្ត្រាលី ត្រូវបានប្រាប់ឲ្យ «បញ្ឈប់ការរើសអើងជាតិសាសន៍» ដោយសមាជិកសភាម្នាក់ទៀត ក្នុងអំឡុងពេលមានកិច្ចពិភាក្សាដ៏ក្តៅគគុកមួយ នាថ្ងៃព្រហស្បតិ៍ (ទី១៥ ខែសីហា) នេះ ដោយមេដឹកនាំរូបនោះបាននិយាយថា អូស្ត្រាលីមិនគួរទទួលយកជនភៀសខ្លួនពីតំបន់ហ្កាហ្សាឡើយ។
សមាជិកសភាឯករាជ្យ លោកស្រី Zali Steggall បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលធ្វើសុន្ទរកថា ដោយរិះគន់មេដឹកនាំគណបក្សសេរីនិយមកណ្តាល លោក Peter Dutton ជុំវិញការអំពាវនាវរបស់លោក ក្នុងសប្តាហ៍នេះ ដែលរារាំងជនភៀសខ្លួនពីតំបន់ហ្កាហ្សា ដោយសារគិតដល់ហានិភ័យដែលពួកគេអាចជាអ្នកគាំទ្រដល់ក្រុមហាម៉ាស។
អំឡុងពេលជជែកដេញដោលនោះ មានការរំខានកើតឡើងជាច្រើនដង ដោយការស្រែកចេញពីកៅអីរបស់គណបក្សប្រឆាំង ហើយលោកស្រី Steggall បានស្នើសុំឲ្យស្តាប់ដោយស្ងៀមស្ងាត់ មុនពេលលោកស្រីស្រែកទៅកាន់លោក Dutton ជាមួយពាក្យថា «បញ្ឈប់ការប្រកាន់ពូជសាសន៍»។
ការពិភាក្សាដ៏ក្តៅគគុក នៅក្នុងសភាអូស្ត្រាលីនេះ ឆ្លុះបញ្ចាំងអំពីថា តើការខ្វែងគំនិតគ្នា ជុំវិញសង្រ្គាមរបស់អ៊ីស្រាអែល នៅហ្កាហ្សា កំពុងរីករាលដាលយ៉ាងដូចម្ដេច នៅក្នុងសង្គម ដែលគណបក្សការងារកំពុងកាន់អំណាច ត្រូវប្រឈមជាមួយ ក្នុងការជ្រើសរើស រវាងអ្នកអំពាវនាវឲ្យមានការគាំទ្រមិនអល់អែក ចំពោះអ៊ីស្រាអែល និងអ្នកផ្សេងទៀត ក្នុងនោះរួមទាំងអ្នកកាន់សាសនាអ៊ិស្លាមអូស្ត្រាលីផងដែរ ដែលចង់បានការប្រឆាំងជាមួយអ៊ីស្រាអែលយ៉ាងម៉ឺងម៉ាត់។
អូស្ត្រាលីបានអំពាវនាវម្តងហើយម្តងទៀតឲ្យមានបទឈប់បាញ់ ប៉ុន្តែមិនទាន់កម្រិតទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន ដូចប្រទេសអេស្ប៉ាញ អៀរឡង់ និងន័រវ៉ែសនោះទេ៕