ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោកណារ៉េនដ្រា ម៉ូឌី បានសន្យាថា ប្រទេសរបស់លោកនឹងជួយពិភពលោកក្នុងការផលិត និងចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ស្របពេលដែលលោកមិនបាននិយាយអ្វីនោះទេ នៅក្នុងសុន្ទរកថា មហាសន្និបាតអង្គការសហប្រជាជាតិ(UN) របស់លោក កាលពីថ្ងៃសៅរ៍ ពាក់ព័ន្ធនឹងករណីស្លាប់ខ្ពស់នៅក្នុងប្រទេសរបស់លោក ដោយសារតែជំងឺដ៏កាចសាហាវនេះ។
អនុសាសន៍របស់លោកម៉ូឌី ដែលបានថតទុកមុនដោយសារកិច្ចប្រជុំធ្វើឡើងតាម Video Conference នោះ បាននិយាយផងដែរថា គ្មាននោះទេភាពតានតឹងកើនឡើងជាមួយប្រទេសជិតខាង ប៉ាគីស្ថាន ដែលនាយករដ្ឋមន្ត្រីរបស់ពួកគេ គឺលោក អ៊ីមរ៉ាន់ ខាន់ បាននិយាយនៅក្នុងសុន្ទកថារបស់លោកកាលពីថ្ងៃសុក្រ ដោយរិះគន់ខ្លាំងៗមកលើឥណ្ឌា ជាហេតុធ្វើឲ្យមានការប៉ះទង្គិចពាក្យសម្តីគ្នារវាងមន្ត្រីការទូតប្រទេសទាំង២ នៅក្នុងសាលប្រជុំមហាសន្និបាត។
ទោះបីជាយ៉ាងណាក៏ដោយ លោកម៉ូឌី មិនបានពិភាក្សានោះទេពាក់ព័ន្ធនឹងជម្លោះរបស់ឥណ្ឌាជាមួយចិន លើតំបន់ព្រំដែនឡាដាក់ ជាកន្លែងដែលមានភាពទាល់ច្រកអស់រយៈពេលជាច្រើនខែមកហើយ ក្រោយពីមានការប៉ះទង្គិចគ្នាដោយហិង្សាបណ្តាលឲ្យមនុស្សស្លាប់មនុស្សច្រើនបំផុតរវាងភាគីទាំង២ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ៕ អត្ថបទ៖ សារ៉ាត់