បាល់ទាត់៖ ប្រទេសជប៉ុនបានសំរេចចិត្តដកខ្លួនពីការរៀបចំព្រឹត្តិការណ៍បាល់ទាត់ FIFA Club World Cup ២០២១ ដោយសារវិធានការការពារ Covid-19 តឺងរ៉ឹង។ FIFA បានបញ្ជាក់ថា សមាគមបាល់ទាត់ជប៉ុន JFA បានប្រាប់ពីការដកខ្លួនរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ការប្រកួតប្រចាំឆ្នាំនេះតែងតែមានការចូលពីក្លិបដែលជាជើងឯក Champions League មកពីតាមបណ្តាទ្វីប។ ស្របពេលដែលជប៉ុនបានរៀបចំបញ្ចប់ការប្រកួតអូឡាំពិករដូវក្តៅ និងប៉ារ៉ាឡាំពិកកន្លងមកពិតមែន តែព្រឹត្តិការណ៍នោះដំណើរការទាំងជប៉ុនស្ថិតក្នុងការប្រកាសអាសន្ន បន្ទាប់ពីមានការឆ្លងរីករាលដាលមេរោគ Covid-19 ធ្ងន់ធ្ងរ។
FIFA Club World Cup ២០២១ នេះគឺជាព្រឹត្តិការណ៍ទី៩ ដែលគ្រោងធ្វើនៅទឹកដីជប៉ុន និងជាការអបអរខួប ១០០ឆ្នាំនៃការបង្កើតឡើងនៃសហព័ន្ធបាល់ទាត់ជប៉ុនផងដែរ។ Bayern Munich គឺជាក្រុមជើងឯកឆ្នាំមុនដែលធ្វើឡើងនៅទឹកដីកាតាកាលពីខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីត្រូវបានលើកពេលកាលពីខែធ្នូ៕
អត្ថបទ៖នាង សុភាវុធ