ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែសីហា) នេះ បានឲ្យដឹងថាយ៉ាងហោចណាស់ក្មេងស្រី ១,៤លាននាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានបដិសេធមិនឲ្យមានលទ្ធភាពទទួលបានការអប់រំកម្រិតមធ្យមសិក្សា គិតចាប់តាំងពីពួកតាលីបង់បានវិលត្រឡប់ទៅកាន់អំណាចវិញ នៅឆ្នាំ២០២១ ដោយឥឡូវនេះ អនាគតរបស់ក្មេងជំនាន់ក្រោយទាំងមូល «ស្ថិតនៅក្នុងហានិភ័យ»។
ហើយជាមួយគ្នានេះ អង្គការយូណេស្កូ (UNESCO) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា លទ្ធភាពទទួលបានការអប់រំកម្រិតបឋមសិក្សា ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ដោយមានក្មេងស្រី និងក្មេងប្រុសចំនួនតិចជាង ១,១លាននាក់ បានចូលរៀន ខណៈដែលអាជ្ញាធរតាលីបង់ បានប្រារព្ធខួបរយៈពេល ៣ឆ្នាំ គិតចាប់តាំងពីការដណ្តើមបានប្រទេសអាហ្វហ្គានីស្ថានមកគ្រប់គ្រងវិញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។
ទីភ្នាក់ងារនេះ បានឲ្យដឹងថា៖ «អង្គការយូណេស្កូមានការព្រួយបារម្ភ ចំពោះផលវិបាកដ៏គ្រោះថ្នាក់នៃអត្រាបោះបង់ការសិក្សាដ៏ច្រើននេះ ដែលអាចនាំឲ្យមានការកើនឡើងនូវពលកម្មកុមារ និងអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុ។ ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ អាជ្ញាធរកាន់អំណាចជាក់ស្ដែង ស្ទើរតែបានលុបបំបាត់ចោលនូវវឌ្ឍនភាពបន្តទៅមុខជាលំដាប់ សម្រាប់ការអប់រំ នៅអាហ្វហ្គានីស្ថានអស់រយៈពេល ២ទសវត្សរ៍ ហើយឥឡូវនេះ អនាគតនៃក្មេងៗជំនាន់ក្រោយទាំងមូល កំពុងស្ថិតក្នុងហានិភ័យ»។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយថា ឥឡូវនេះ មានក្មេងស្រីជិត ២,៥លាននាក់ ត្រូវបានបំបាត់សិទ្ធិមិឲ្យទទួលបានការអប់រំ ដោយនេះជាចំនួនតំណាងឲ្យ ៨០ភាគរយនៃក្មេងស្រីដែលមានអាយុចូលរៀន នៅអាហ្វហ្គានីស្ថាន។
គួរបញ្ជាក់ថា រដ្ឋបាលតាលីបង់ ដែលមិនត្រូវបានប្រទេសណាមួយទទួលស្គាល់នោះ បានរឹតបន្តឹងលើស្ត្រីដែលអង្គការសហប្រជាជាតិបានពណ៌នាថា ជា «ការរើសអើងយេនឌ័រ»។ ហើយអាហ្វហ្គានីស្ថាន គឺជាប្រទេសតែមួយគត់ក្នុងពិភពលោក ដែលហាមក្មេងស្រី និងស្ត្រីមិនឲ្យចូលរៀន នៅអនុវិទ្យាល័យ និងសាកលវិទ្យាល័យ៕