រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែសីហា) នេះ បាននិយាយថា ប្រទេសអ៊ុយក្រែនមានសិទ្ធិការពារខ្លួន ទាំងនៅក្នុង និងក្រៅដែនដីរបស់ខ្លួន ដោយលោកបានធ្វើអត្ថាធិប្បាយ អំពីប្រតិបត្តិការយោធារបស់អ៊ុយក្រែន នៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី។
ដោយថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុង Stockholm នាថ្ងៃព្រហស្បតិ៍នេះ លោក Jonson បានប្រាប់ថា ប្រទេសស៊ុយអែតដែលជាសមាជិករបស់អង្គការណាតូ មិនត្រូវបានជូនដំណឹង អំពីផែនការរបស់អ៊ុយក្រែនជាមុននោះទេ។
គួរបញ្ជាក់ថា ការវាយប្រហារបរទេសដ៏ធំបំផុតលើទឹកដីរុស្ស៊ី ដែលមានអធិបតេយ្យភាព គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ មក បានកើតឡើងកាលពីថ្ងៃទី៦ ខែសីហា នៅពេលដែលទាហានអ៊ុយក្រែនរាប់ពាន់នាក់ បានវាយលុកតាមព្រំដែនខាងលិចរបស់រុស្ស៊ី។
ហើយកាលពីថ្ងៃពុធ (ទី១៤ ខែសីហា) កងកម្លាំងរបស់អ៊ុយក្រែន បានរុលទៅមុខបន្ថែមទៀតចូលទៅក្នុងតំបន់ Kursk ខណៈដែលទីក្រុងគីវ បាននិយាយថា ការសម្រេចបានរបស់ខ្លួន នឹងផ្តល់នូវតំបន់ទ្រនាប់យុទ្ធសាស្ត្រ ដើម្បីជួយការពារតំបន់ព្រំដែនរបស់ខ្លួនពីការវាយប្រហាររបស់រុស្ស៊ី៕