ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែសីហា) នេះ បានរាយការណ៍ថា ទីប្រឹក្សាយោធាមកពីកងកម្លាំងទ័ពអាកាសរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាត់បង់ជីវិតហើយ បន្ទាប់ពីរងរបួស នៅប្រទេសស៊ីរី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
មេបញ្ជាការជាន់ខ្ពស់របស់ឆ្មាំបដិវត្តន៍ គឺលោក Hossein Salami បាននិយាយថា៖ «លោកវរសេនីយ៍ Ahmadreza Afshari បានពលីជីវិតរបស់ខ្លួន ដោយសាររងរបួសពីការទម្លាក់គ្រាប់បែកពីលើអាកាសពីក្រុមចម្រុះដែលរំលោភបំពានប្រទេសស៊ីរី»។
យ៉ាងណាក្ដី ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់មិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់ សម្រាប់ការវាយប្រហារនេះនោះទេ ប៉ុន្តែបាននិយាយថា លោក Afshari បានមានរបួស នៅចន្លោះចុងខែកក្កដា និងដើមខែសីហា។
គួរបញ្ជាក់ថា ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្វើការវាយប្រហារ នៅប្រទេសស៊ីរី ប្រឆាំងនឹងក្រុម ដែលត្រូវគ្នាជាមួយអ៊ីរ៉ង់ ដោយឥទ្ធិពលរបស់ទីក្រុងតេអេរ៉ង់ បានកើនឡើង ចាប់តាំងពីខ្លួនបានចាប់ផ្តើមគាំទ្រប្រធានាធិបតី លោក Bashar al-Assad នៅក្នុងសង្គ្រាមស៊ីវិល ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១១៕