នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បាននិយាយថា លោកសង្ឃឹមថានឹងមានការស្តាឡើងវិញសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសម្រាប់ជនជាតិភាគតិច ជាពិសេសសហគមន៍ភាគតិចហិណ្ឌូនៅក្នុងប្រទេសជិតខាងបង់ក្លាដែស ជាទីដែលបាតុកម្មហិង្សាផ្ទុះឡើងកាលពីខែមុន ។
ថ្លែងអំឡុងសុន្ទរកថាប្រារព្ធទិវាឯករាជ្យនៅបន្ទាយក្រហមនាសតវត្សរ៍ទី ១៧ ស្ថិតក្នុងទីក្រុងញូវ ដែល្លី លោក Modiនិយាយថា ឥណ្ឌាចង់ឲ្យប្រទេសជិតខាងខ្លួន ដើរលើផ្លូវសន្តិភាព និងវិបុលភាព ។
សាសនិកហិណ្ឌូបង់ក្លាដែសរាប់រយនាក់ បានព្យាយាមរត់ភៀសខ្លួនដោយពុំបានជោគជ័យទៅកាន់ប្រទេសឥណ្ឌាកាលពីសប្តាហ៍មុន ក្រោយផ្ទះសម្បែង និងអគារធុរកិច្ចរបស់សហគមន៍ភាគតិច ត្រូវបានបំផ្លិចបំផ្លាញ បន្ទាប់ពីការផ្តួលរំលំរដ្ឋាភិបាលលោកស្រីនាយករដ្ឋមន្រ្តី Sheikh Hasina កាលពីថ្ងៃចន្ទសប្តាហ៍មុន ។
សាសនិកហិណ្ឌូដែលស្មើនឹង ៨ភាគរយនៃចំនួនពលរដ្ឋ ១៧០លាននាក់របស់បង់ក្លាដែស បានគាំទ្រគណបក្សក្រុមសម្ព័ន្ធ Awami របស់លោកស្រី Hasina ដែលបានបង្កឲ្យមានកំហឹងរបស់ពលរដ្ឋ ក្រោយការប៉ះទង្គិចគ្នាហិង្សាវាងបាតុកម្មប្រឆាំងហត្ថពលកម្ម(កូតា) និងកងកម្លាំងសន្តិសុខកាលពីខែមុន ៕