យោធាអ៊ីស្រាអែលបាននិយាយថា យានដ្រូនរបស់អ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែសីហា) នេះ បានសម្លាប់ខ្មាន់កាំភ្លើងប៉ាឡេស្ទីន ២នាក់ នៅតំបន់កាន់កាប់ West Bank។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានបញ្ជាក់អះអាងថា បុរស ២នាក់ ត្រូវបានសម្លាប់ ក្នុងតំបន់ Balata នៅ ជាយក្រុងនៃភាគខាងជើងទីក្រុង Nablus របស់ប៉ាឡេស្ទីន។ ហើយជាមួយគ្នានេះ ក្រសួងបានប្រាប់ទៀតថា ស្ត្រីម្នាក់ និងក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ ក៏បានរងរបួសស្រាលផងដែរ។
គួរបញ្ជាក់ថា អំពើហិង្សា នៅតំបន់ West Bank បានកើនឡើងចាប់តាំងពីផ្ទុះសង្រ្គាម នៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាសប៉ាឡេស្ទីន កាលពីខែតុលាឆ្នាំមុន ដោយការវាយឆ្មក់របស់អ៊ីស្រាអែល អំពើហិង្សាលើអ្នកតាំងទីលំនៅជនជាតិជ្វីហ្វ និងការវាយប្រហារតាមដងផ្លូវរបស់ប៉ាឡេស្ទីន មានកាន់តែច្រើនឡើងៗ។
ហើយបើយោងតាមតួលេខរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា គិតចាប់តាំងពីសង្គ្រាម នៅតំបន់ហ្កាហ្សា ចាប់ផ្ដើមឡើង កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦២០នាក់ នៅតំបន់ West Bank និងទីក្រុងហ្ស៊េរុយសាឡិមខាងកើត ជាតំបន់ដែលប៉ាឡេស្ទីនស្រមៃថា ជាផ្នែកមួយនៃរដ្ឋចុងក្រោយរបស់ពួកគេ៕