អាមេរិក៖ សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានពិភាក្សាគ្នាជាមួយសមភាគីចិនគឺលោកប្រធានាធិបតី Xi Jinping ជាលើកដំបូងក្នុងរយៈពេល ៧ខែកាលពីថ្ងៃព្រហស្បតិ៍ដោយជំរុញឲ្យមានការធានាថា “ការប្រកួតប្រជែង” រវាងមហាអំណាចទាំងពីរមិនក្លាយជា “ជម្លោះ” ទេ។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់អ្នកយកព័ត៌មានថា ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទសាររបស់លោក Biden គឺថា សហរដ្ឋអាមេរិកចង់ធានាថា "ការប្រកួតប្រជែងដ៏ខ្លាំងក្លានៅតែមានដដែល ហើយយើងចង់មិនឲ្យស្ថានភាពដែលយើងមានបច្ចុប្បន្ន ឈានទៅរកជម្លោះដោយអចេតនាពេលអនាគតនោះទេ"។ គួរឲ្យដឹងថា នេះគឺជាការសន្ទនាតាមទូរស័ព្ទលើកដំបូងរបស់មេដឹកនាំមហាអំណាចទាំង២ ចាប់តាំងពីខែកុម្ភៈនៅពេលដែលលោកទាំង២ បានពិភាក្សាគ្នាអស់រយៈពេល ២ម៉ោងភ្លាមៗបន្ទាប់ពីលោក Biden កាន់តំណែងបន្តពីលោក Donald Trump។
ទំនាក់ទំនងអាមេរិក-ចិនបានធ្លាក់ចុះដល់ចំណុចទាបបំផុត ក្រោមការដឹកនាំរបស់លោក Trump ដែលបានចាប់ផ្ដើមសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទី១ និងទី២។ រដ្ឋបាលរបស់លោក Biden ខណៈពេលដែលកំពុងជំរុញឱ្យមានពហុភាគីនិយម និងការបញ្ចប់នូវមនោគមវិជ្ជា “គិតពីប្រយោជន៍អាមេរិកមុនគេ” របស់លោក Trump នៅតែរក្សាការដំឡើងពន្ធនាំចូល និងនៅតែមានភាពតានតឹងលើវិស័យដទៃទៀត នៃទំនាក់ទំនងជាមួយក្រុងប៉េកាំង៕
អត្ថបទ៖ សុខមាន