ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃកម្ពុជា បានឲ្យដឹងថា ដោយសារកសិផលកម្ពុជាមានសក្តានុពលនៅកម្រិតដាំដុះ កម្ពុជាត្រូវការអ្នកវិនិយោគលើការកែច្នៃប្រកបដោយគុណភាព និងមានតម្លៃបន្ថែមខ្ពស់ ដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារនាំចេញទៅក្រៅប្រទេស។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីទទួលបានស្តាប់បទបង្ហាញមួយ ក្នុងកិច្ចប្រជុំស្តីពី Cambodia Agrifood Trade and Investment Forum របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅថ្ងៃទី១៤ សីហា ឆ្នាំ២០២៤កន្លងទៅ បានសម្តែងការចាប់អារម្មណ៍ចំពោះកិច្ចសហការរួមគ្នាក្នុងការផ្តួចផ្តើមរៀបចំកម្មវិធីអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន ផ្សារភ្ជាប់ការវិនិយោគផ្សារភ្ជាប់ទៅនឹងពាណិជ្ជកម្ម ប្រកបដោយភាពជាក់លាក់ និងមានប្រសិទ្ធភាព។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី កសិផលកម្ពុជាមានសក្តានុពលនៅកម្រិតដាំដុះ (Upstream) ដែលត្រូវការអ្នកវិនិយោគលើការកែច្នៃ (Downstream) ប្រកបដោយគុណភាព និងមានតម្លៃបន្ថែមខ្ពស់សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ ដូចជា ស្រូវ អង្ករ ស្វាយចន្ទី កៅស៊ូ និងផលិតផលជលផល។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរៀបចំកម្មវិធីខាងលើត្រូវមានផែនការច្បាស់លាស់ និងគិតគូរឱ្យបានស៊ីជម្រៅ។ សម្រាប់ឯកឧត្តម នេះជាកម្មវិធីគំរូមួយដែលមានទីផ្សារពិតប្រាកដ មានប្រសិទ្ធភាពនៃការវិនិយោគពេញលេញ និងតភ្ជាប់ខ្សែច្រវាក់ផលិតកម្មនិងតម្លៃ ក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធនានា៕








