ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ សីហាម្សិលមិញ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអ្នកច្បាប់បានបើកសិក្ខាសាលា ដើម្បីផ្សព្វផ្សាយអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្ដគោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត ក្រោមអធិបតីភាព ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីនិងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី។
សិក្ខាសាលានេះ មានការចូលរួមដោយ ឯកឧត្ដមទេសរដ្ឋមន្ដ្រី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្ដ្រី និងតំណាងក្រសួងស្ថាប័ន ទីប្រឹក្សា សមាជិក-សមាជិកា នៃក្រុមប្រឹក្សាអ្នកច្បាប់-ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ និង សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យទីស្តីការគណៈរដ្ឋមន្រ្តី រួមទាំងនិស្សិតមកពីសាកលវិទ្យាល័យនានាសរុបចំនួនប្រមាណ៤៧០នាក់ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា គោលការណ៍ណែនាំស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ដែលមានកម្រាស់ជិត២០០ទំព័រ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់អនុលោមភាព សង្គតិភាព គុណភាព ប្រសិទ្ធភាព និងធានាឱ្យមានការឯកភាពក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀតនៅកម្ពុជា សំដៅឆ្លើយតបទៅនឹងចក្ខុវិស័យ និងសេចក្តីត្រូវការនានារបស់សង្គមជាតិ ដើម្បីជៀសវាងភាពមិនស៊ីសង្វាក់គ្នា ឬជាន់សមត្ថកិច្ចគ្នា ឬផលវិបាកមិនល្អទៅដល់បុគ្គល ធុរកិច្ច និងសង្គម។
ក្នុងន័យនេះឯកឧត្តម មានជំនឿយ៉ាងមុតមាំថា គោលការណែនាំនេះ នឹងក្លាយជាឧបករណ៍តម្រង់ទិស ដើម្បីធានាឱ្យមានការឯកភាព និងសង្គតិភាពនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត ដែលត្រូវរៀបចំឡើងដោយក្រសួង ស្ថាប័ន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងវិស័យនៃការទទួលខុសត្រូវរបស់ខ្លួន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថា គោលការណ៍ណែនាំនេះគឺជាផ្នែកសំខាន់មួយនៅក្នុងក្របខ័ណ្ឌនៃការកែទម្រង់ច្បាប់ ហើយក៏ជាការចាប់ផ្ដើមដ៏សំខាន់មួយ នៅក្នុងដំណើរដ៏វែងឆ្ងាយនៃការកែទម្រង់ច្បាប់នៅកម្ពុជា។ គោលការណ៍ណែនាំនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើទស្សនវិជ្ជានីតិរដ្ឋ សំដៅលើកកម្ពស់ការពង្រឹងនីតិរដ្ឋបន្ថែមទៀត ដោយផ្សារភ្ជាប់ជាមួយនឹងគុណតម្លៃផ្នែកសីលធម៌ និយាមសង្គម ប្រពៃណី និងទំនៀមទម្លាប់ សម្រាប់ជាប្រយោជន៍ដល់ការការពារផលប្រយោជន៍សាធារណៈ និងយុត្តិធម៌សង្គម ព្រមទាំងធានាបាននូវសិទ្ធិ សេរីភាព ការពារបាននូវតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សមភាព និងយុត្តិធម៌នៅចំពោះមុខច្បាប់ និងធ្វើឱ្យការគ្រប់គ្រង សេដ្ឋកិច្ច សង្គមកិច្ច ប្រព្រឹត្តទៅដោយរលូននិងមានប្រសិទ្ធភាព។
ឯកឧត្តមក៏បានគូសបញ្ជាក់ថា គោលការណ៍ណែនាំនេះ ក៏ជាធាតុចូលសំខាន់ក្នុងយន្តការកសាងប្រព័ន្ធច្បាប់របស់យើង ហើយក្នុងនោះការកសាងប្រព័ន្ធច្បាប់នេះ ក៏ត្រូវមានទស្សនវិស័យវែងឆ្ងាយ មានការកំណត់គោលការណ៍ច្បាស់លាស់ ដោយមានគិតគូរឱ្យទៅជានិម្មាបនកម្ម និងផែនទីចង្អុលផ្លូវ និងមានការគិតគូរគ្រប់ជ្រុងជ្រោយទាំងផ្នែកទស្សនវិជ្ជានីតិរដ្ឋ គួបផ្សំនឹងសីលធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរចាប់តាំងពីដំណាក់កាលដំបូងដល់ដំណាក់កាលបញ្ចប់។ លើសពីនេះការគិតគូររៀបចំច្បាប់នីមួយៗ ត្រូវមានការគិតគូរជាប្រព័ន្ធទាំងក្នុងទិដ្ឋភាពនៃការតាក់តែង ការប្រឹក្សាពិនិត្យ ការអនុម័ត ការអនុវត្ត ការតាមដានការអនុវត្ត និងការវាយតម្លៃ ក៏ដូចជាតម្រូវការក្នុងការធ្វើវិសោធនកម្ម ឬ ការរៀបចំថ្មីតែម្តង និងជាពិសេសគិតគូរអំពីភាពសមស្របនៃវិធានការច្បាប់ និងផលប៉ះពាល់លើសង្គម សេដ្ឋកិច្ច ធុរកិច្ច និង បុគ្គល។
ដើម្បីចូលរួមចំណែកជួយពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់ ឆ្លើយតបនឹងវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គម និងតម្រូវការជាអាទិភាពនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់គ្រប់ក្រសួង ស្ថាប័ន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត វង្សី បានផ្តល់ការណែនាំ និងអនុសាសន៍គន្លឹះមួយចំនួនជាពិសេសគ្រប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលត្រូវអនុវត្ដតាមគោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត ដែលបានដាក់ឱ្យអនុវត្ដកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីឱ្យការរៀបចំ និងការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀតមានឯកភាពនៅទូទាំងប្រទេស។
ជាចុងបញ្ចប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានលើកទឹកចិត្តដល់ក្រសួង ស្ថាប័នទាំងអស់ឱ្យផ្តល់នូវមតិត្រឡប់ ឬក៏ការស្នើសុំកែសម្រួល និងបំពេញបន្ថែមផ្សេងៗ ក្រោយពីបានយកទៅអនុវត្តជាក់ស្តែង ដើម្បីបន្តធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំនេះឱ្យកាន់តែពេញលេញគ្រប់ជ្រុងជ្រោយស្របតាមស្ថានភាពរីកចម្រើនរបស់សង្គមជាតិ៕







