ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ សីហា ថា រថក្រោះដែលត្រូវបានផ្តល់ឲ្យដោយចក្រភពអង់គ្លេសដល់ប្រទេសអ៊ុយក្រែន ត្រូវបានដាក់ពង្រាយជាផ្នែកមួយនៃការវាយលុក ដែលកំពុងតែបន្តរបស់ទីក្រុងគីវ ចូលទៅក្នុងប្រទេសរុស្ស៊ី។ សារព័ត៌មាន Sky News និងបណ្តាញព័ត៌មានអង់គ្លេសផ្សេងទៀតបាននិយាយថា វាត្រូវបានគេជឿថា ជាលើកដំបូងហើយ ដែលរថក្រោះ Challenger 2 ត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធយ៉ាងសកម្ម នៅលើទឹកដីរបស់រុស្ស៊ី។

សារព័ត៌មាន ពុំបានបញ្ជាក់ថាតើរថក្រោះប៉ុន្មានគ្រឿងត្រូវបានដាក់ពង្រាយដោយអ៊ុយក្រែន នៅក្នុងការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួន ចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៦ ខែសីហា នោះទេ។
ក្រសួងការពារជាតិចក្រភពអង់គ្លេស បានបដិសេធមិនធ្វើអត្ថាធិប្បាយលើអ្វីជាសព្វាវុធជាក់លាក់ដែលអ៊ុយក្រែនកំពុងប្រើប្រាស់ ប៉ុន្តែបាននិយាយថា «ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី» ពុំត្រូវបានរារាំងនោះទេ នៅពេលដែលរថក្រោះ និងសព្វាវុធផ្សេងទៀត ត្រូវបានផ្តល់ទៅឲ្យទីក្រុងគីវ។

អ៊ុយក្រែន និយាយថា ការរុលចូលទៅក្នុងប្រទេសរុស្ស៊ី «ដំណើរការទៅបានល្អ» បង្កើតបានទ្រនាប់ជាយុទ្ធសាស្ត្រ។ អ្នកនាំពាក្យក្រសួងបាននិយាយថា «ពុំមានការផ្លាស់ប្តូរក្នុងគោលនយោបាយរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសនោះទេ។
«ក្រោមមាត្រាទី៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ អ៊ុយក្រែនមានសិទ្ធិស្វ័យការពារយ៉ាងច្បាស់លាស់ប្រឆាំងការវាយប្រហារដោយខុសច្បាប់របស់រុស្ស៊ី ដែលមិនរារាំងប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី។ យើងបានបញ្ជាក់យ៉ាងច្បាស់ក្នុងអំឡុងពេលដំណើរនៃការផ្តល់សព្វាវុធថា ឧបករណ៍នឹងត្រូវបានប្រើប្រាស់ ស្របតាមច្បាប់អន្តរជាតិ។
អ៊ុយក្រែន បានបញ្ជូនកងទ័ព និងយានរថពាសដែកចូលទៅក្នុងតំបន់ Kursk កាលពី៩ថ្ងៃមុន ដោយអះអាងថា ដណ្តើមបានភូមិរាប់សិបកន្លែងនៅក្នុងការវាយប្រហារឆ្លងព្រំដែនដ៏ខ្លាំងក្លាបំផុតលើទឹកដីរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។