ដោយកំពុងកាន់ទៀន ស្ត្រីរាប់សែននាក់បានដើរដង្ហែរទាំងយប់ក្នុងទីក្រុងនានាទូទាំងប្រទេសឥណ្ឌា ដើម្បីតវ៉ាប្រឆាំងនឹងការរំលោភដ៏ព្រៃផ្សៃ និងឃាតកម្មលើវេជ្ជបណ្ឌិតនារីវ័យក្មេងម្នាក់នៅក្នុងមន្ទីរពេទ្យមួយក្នុងទៅក្រុង Kolkata ដែលបានបញ្ឆេះកំហឹងចំពោះកង្វះសុវត្ថិភាពសម្រាប់ស្ត្រី បើទោះបីជាច្បាប់ថ្មីតឹងតែងក៏ដោយ។

វេជ្ជបណ្ឌិតវ័យ ៣១ ឆ្នាំម្នាក់ត្រូវបានរំលោភ រួចសម្លាប់នៅក្នុងមហាវិទ្យាល័យវេជ្ជសាស្ត្រក្នុងទីក្រុង Kolkata ជាទីដែលរូបនាងកំពុងបម្រើការកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលបង្កឱ្យមានការតវ៉ាទូទាំងប្រទេសក្នុងចំណោមវេជ្ជបណ្ឌិត និងស្ដែងឲ្យឃើញពីការរំលោភពីក្រុមជនអន្ធពាល និងករណីសម្លាប់និស្សិតអាយុ ២៣ ឆ្នាំនៅលើរថយន្តក្រុងនៅទីក្រុង New Delhi ឆ្នាំ ២០១២ ។
លោកនាយករដ្ឋមន្ត្រី Narendra Modi បានអំពាវនាវរកយុត្តិធ៌មភ្លាមៗនៅក្នុងករណីនៃអំពើហិង្សាលើស្ត្រី ខណៈការតវ៉ាជុំវិញការរំលោភ និងសម្លាប់គ្រូពេទ្យហាត់ការនៅតែបន្តកើនឡើង។
លោកបន្ថែមថា ឧក្រិដ្ឋកម្មប្រឆាំងស្ត្រី គួរតែត្រូវបានស៊ើបអង្កេតឲ្យបានលឿនបំផុត ហើយរាល់អ្នកមានឥរិយាបទមិនល្អលើស្ត្រីគួរតែត្រូវបានដាក់ទោសភ្លាមៗនិងធ្ងន់ធ្ងរ។
ក្រុមអ្នកដែលបានចូលរួមក្នុងការតវ៉ានៅទីក្រុង Kolkata បាននិយាយថា យើងមកទីនេះដើម្បីទាមទារយុត្តិធម៌ ព្រោះយើងក៏មានកូនស្រីដែរ។ យើងខ្លាចក្នុងការឲ្យកូនទៅកន្លែងផ្សេងៗ៕