បន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ ពិសេសភ្លៀងធ្លាក់ពេញមួយយប់ទល់ភ្លឺ កាលពីយប់មិញនេះ បង្កជាទឹកជំនន់ បណ្ដាលឲ្យមានការលិចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយពលរដ្ឋកំពុងជួបគ្រោះទឹកជំនន់នេះ ត្រូវបានអាជ្ញាធរ បាននិងកំពុងជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។
ជំនន់ទឹកភ្លៀងនេះ គឺកាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១១ បានដឹកនាំកម្លាំងចំនួន ១០នាក់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង បណ្តាលឲ្យលិចផ្ទះចំនួន ៤ខ្នង ក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ហើយពលរដ្ឋ ដែលត្រូវទឹកជំនន់លិច ក៏ត្រូវបានអាជ្ញាធរនាំទៅកាន់ទីទួលសុវត្ថិភាព ។
ប្រភពពីមន្ត្រីកងទ័ព នៅយោធភូមិភាគទី៥ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ជំនន់ទឹកភ្លៀង នៅបន្តវាយលុកលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកម៉ាឡៃ ព្រោះកាលពីយប់មិញ គឺមានភ្លៀងធ្លាក់មួយយប់ទល់ភ្លឺបន្ថែមទៀត ហើយកម្លាំងនៅវរសេនាតូចថ្មើរជើងលេខ៥១១ និងអាជ្ញាធរមូលដ្ឋាន កំពុងត្រៀមខ្លួនបន្ថែម ក្នុងការជួយសង្គ្រោះពលរដ្ឋ ដែលជួបគ្រោះទឹកជំនន់នេះ៕






