ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ សីហា បានច្រានចោលការអត្ថាធិប្បាយពីមេដឹកនាំសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល អំពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែកក្កដា ដែលមានភាពចម្រូងចម្រាស់របស់ប្រទេសលោក។

លោក Maduro បាននិយាយតាមទូរទស្សន៍រដ្ឋថា លោកបដិសេធដាច់ខាត ដែលសហរដ្ឋអាមេរិកកំពុងព្យាយាម ក្លាយជាអាជ្ញាធរបោះឆ្នោតរបស់ប្រទេសវ៉េណេស៊ុយអេឡា។ លោក ម៉ាឌូរ៉ូ និយាយថា សហរដ្ឋអាមេរិក និងប្រេស៊ីល បានប្រជែងក្នុងការបោះឆ្នោត ដែលប្រទេសវេណេស៊ុយអេឡា បានបដិសេធ មិនឲ្យចូលមកពាក់ព័ន្ធ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ហាក់ដូចជាបានគាំទ្រឲ្យមានការបោះឆ្នោតថ្មី នៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីញ៉ូ លូឡា ដា ស៊ីលវ៉ា(Luiz Inacio Lula da Silva) ក៏បានបញ្ចេញយោបល់ផងដែរ ទោះបីជាមានការបដិសេធពីគណបក្សកាន់អំណាចរបស់ប្រទេសវេណេស៊ុយអេឡា ដែលបានអះអាងជ័យជម្នះក្នុងការប្រកួតប្រជែង កាលពីថ្ងៃទី២៨ ខែកក្កដា ក៏ដោយ។
ការផ្តល់យោបល់អំពីការបោះឆ្នោតថ្មី គឺស្ថិតនៅក្នុងចំណោមសហគមន៍អន្តរជាតិមួយចំនួន ដែលពុំមានការគាំទ្ររហូតមកដល់ពេលនេះ ទាំងលោក ម៉ាឌូរ៉ូ ឬគូប្រជែងក្រុមចម្រុះគណបក្សប្រឆាំង។
អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសវេណេស៊ុយអេឡា បានប្រកាសថា លោក Maduro បានទទួលសំឡេងគាំទ្រចំនួន៥១% ប៉ុន្តែមិនបានបង្ហាញពីចំនួនសរុបនៃសន្លឹកឆ្នោតនោះទេ។ គណបក្សប្រឆាំង និយាយថា ចំនួនសន្លឹកឆ្នោតសរុបរបស់គណបក្សប្រឆាំង ដែលបានបង្ហោះលើគេហទំព័រសាធារណៈ បង្ហាញថាបេក្ខជន លោក Edmundo Gonzalez ទទួលបានសំឡេងឆ្នោតចំនួន ៦៧%។