ព្យុះទីហ្វុង Ampil ដែលកំពុងបក់ឆ្ពោះនៅជិតកោះ Honshu ដ៏សំខាន់របស់ប្រទេសជប៉ុន បាននាំមកជាមួយខ្យល់បក់និងភ្លៀងធ្លាក់ខ្លាំង នៅក្នុងទីក្រុងតូក្យូ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា នេះ ធ្វើឲ្យរំខានដល់ប្រតិបត្តិការរថភ្លើងល្បឿនលឿន និងជើងហោះហើរ នៅក្នុងរដូវកាលធ្វើដំណើររដូវក្តៅនេះ។

ព្យុះទីហ្វុង ដែលត្រូវបានចាត់ថ្នាក់ថាជាព្យុះមានកម្លាំងខ្លាំងមួយដោយទីភ្នាក់ងារឧតុនិយមប្រទេសជប៉ុន កំពុងបោកបក់ក្នុងចម្ងាយ១១០គីឡូម៉ែត្រ ភាគឦសាននៃកោះ Hachijojima លើមហាសមុទ្រប៉ាស៊ីហ្វិក ឆ្ពោះទៅភាគខាងជើងក្នុងល្បឿន២០ឡូម៉ែត្រ ក្នុងមួយម៉ោង។

ក្រុមហ៊ុនផ្លូវរថភ្លើងជប៉ុន បានលុបចោលសេវាកម្មរថភ្លើងល្បឿនលឿនឬរថភ្លើងក្បាលគ្រាប់កាំភ្លើង Shinkansen ទាំងអស់ រវាងទីក្រុងតូក្យូ និងតំបន់ឧស្សាហកម្ម Nagoya របស់ប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ។
ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង ត្រូវបានគេរំពឹងថាពេញមួយថ្ងៃ នៅក្នុងខេត្ត Chiba និងតំបន់នានា នៅភាគឦសានប្រទេសជប៉ុន។
មន្ត្រីឧតុនិយមប្រទេសជប៉ុន បានណែនាំដល់ប្រជាជនក្នុងតំបន់ឱ្យស្នាក់នៅក្នុងលំនៅឋាន និងប្រុងប្រយ័ត្នចំពោះជំនោរខ្ពស់ ទឹកជំនន់ និងទឹកទន្លេឡើងហៀរច្រាំង។
សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស ក្រុមហ៊ុនអកាសចរណ៍ All Nippon Airways និយាយថា ជើងហោះហើរក្នុងស្រុក និងអន្តរជាតិចំនួន៣៣៥ជើង នៅអាកាសយានដ្ឋាន Haneda និង Narita នឹងត្រូវចូលចតនៅថ្ងៃសុក្រនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines និយាយថា ក្រុមហ៊ុន នឹង លុបចោលជើងហោះហើរចំនួន ៣១៩ជើង ផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ កំពុងស្នើសុំឲ្យ អ្នកធ្វើដំណើរ តាមដានស្ថានភាពនៃជើងហោះហើរតាមប្រព័ន្ធអ៊ីនធឺណិត ឬតាមមធ្យោបាយផ្សេងទៀត។