កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះពិនិត្យមើលបទល្មើសនេសាទ ក្នុងភូមិសាស្ត្រភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងមានការបញ្ជារអោយកម្លាំងចំរុះ រុះរើនូវរបាំងវែងៗខុសពីច្បាប់កំណត់មួយចំនួន ចេញផងដែរ។
ក្នុងពេលឯកឧត្តមទាំង២នាក់បានចុះពិនិត្យបទល្មើសនេសាទនាពេលនោះ បានប្រទះឃើញមានបទល្មើសនេសាទមួយចំនួនមានប្រវែងវែងខុសពីច្បាប់កំណត់ ដែលត្រូវបានគេលួចដាក់ស្ទាក់ចាប់ត្រី នៅក្នុងរដូវបិទេសាទស្ថិតនៅត្រង់ចំណុចភូមិកំពង់ព្រះ ឃុំឆ្លុកទ្រូ ស្រុកបរិបូណ៌ ដោយមានការប្រើឧបករណ៍របាំងសាច់អួនក្រឡាញឹក និងក្រឡារង្វើលផងដែរ។ ក្រោយពេលឃើញបទល្មើសបែបនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាកម្លាំងសមត្ថកិច្ចខេត្តស្រុក សហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចុះរុះរើបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់ខាងលើនេះនៅនឹងកន្លែងតែម្ដង ដោយធ្វើយ៉ាងណាបង្ក្រាបឲ្យអស់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ ជាកំហិតដោយមិនឲ្យនៅមានសេះសល់នោះឡើយ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានថ្លែងថា ៖ នៅថ្ងៃទី១៥ សីហា ឆ្នាំ២០២៤នេះ កម្លាំងខណ្ឌរដ្ឋបាលជលផល សហការជាមួយសង្កាត់រដ្ឋបាលជលផលបរិបូណ៌ បានចុះរុះរើបំផ្លាញចោល របាំងសាច់អួន៤កន្លែងប្រវែង៤០០ម៉ែត្រ លបលូ៨មាត់ បង្គោល២៥០ដើម និងចាក់លែងត្រីចម្រុះល្អិតៗ ចំនួន១០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ដោយឡែកចំពោះរបាំងសាច់អួនដែលនៅសេសសល់ កម្លាំងជំនាញ និងបន្តសហការចុះរុះរើជាបន្តបន្ទាប់ទៀត៕ កាំង ហុងវាស្នា



