អ្នកនយោបាយវ័យក្មេង លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បានឈ្នះការគាំទ្រពីសភាក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃ នៅថ្ងៃសុក្រ (១៦ សីហា) នេះ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកស្រីទទួលបានបេក្ខភាព ស្របពេលមានការតស៊ូអំណាចមិនឈប់ឈររវាងក្រុមឥស្សរជនក្នុងប្រទេស។

កូនស្រីវ័យ ៣៧ឆ្នាំរបស់អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ទទួលបានការបោះឆ្នោតគាំទ្រលើស ៥១ភាគរយដែលត្រូវការដើម្បីទទួលបានតំណែងកំពូលនេះ ត្រឹមតែពីរថ្ងៃបន្ទាប់ពីតុលាការបានដកតំណែងលោក សេដ្ឋា ថាវីស៊ីន ពីតំណែងជានាយករដ្ឋមន្ត្រី។

លោកស្រី Paetongtarn មិនធ្លាប់បម្រើការក្នុងរដ្ឋាភិបាលទេ ហើយនឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទីពីររបស់ប្រទេសថៃ និងជាអ្នកនយោបាយត្រកូល ស៊ីណាវ៉ាត់ ទីបីដែលកាន់តំណែងកំពូល បន្ទាប់ពីម្តាយមីងរបស់ខ្លួនគឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) និងឪពុកវ័យ ៧៥ឆ្នាំរបស់ខ្លួនគឺលោក ថាក់ស៊ីន ដែលជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសនេះ៕