បេសកជនចិន កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវជាថ្មីដល់ក្រុមហ៊ូទីឲ្យគោរពសិទ្ធិក្នុងការធ្វើនាវាចរណ៍របស់នាវាពាណិជ្ជកម្មទាំងអស់ នៅលើសមុទ្រក្រហម ដែលស្របតាមច្បាប់អន្តរជាតិ។

នៅក្នុងសុន្ទរកថា ក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីប្រទេសយេម៉ែន លោក Geng Shuang អ្នកតំណាងរងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសចិន ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងកាលពីពេលថ្មីៗនេះ រវាងរដ្ឋាភិបាលយេម៉ែន និងក្រុម ហ៊ូទី ស្តីពីបញ្ហាហិរញ្ញវត្ថុ និងអាកាសចរណ៍។
លោកសង្ឃឹមថា គ្រប់ភាគីនឹងកសាងលើគំរូនេះ ហើយមានផលប្រយោជន៍ និងសុខុមាលភាពសម្រាប់ប្រជាជនយេម៉ែន រក្សាការប្តេជ្ញាចិត្តចំពោះដំណោះស្រាយផ្នែកនយោបាយ លុបបំបាត់ការជ្រៀតជ្រែក និងដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនា និងការចរចា។

លោក Geng និយាយថា ប្រទេសចិន គាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់បេសកជនពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រទេសយេម៉ែន លោក Hans Grundberg ហើយរំពឹងថាគ្រប់ភាគីទាំងអស់ ជាពិសេសប្រទេសដែលមានឥទ្ធិពលលើស្ថានភាពក្នុងប្រទេសយេម៉ែន នឹងដើរតួក្នុងន័យស្ថាបនា ក្នុងរឿងនេះ។
ជាថ្មីម្តងទៀត ប្រទេសចិន អំពាវនាវដល់ក្រុមហ៊ូទី ឱ្យគោរពសិទ្ធិក្នុងការធ្វើនាវាចរណ៍របស់នាវាពាណិជ្ជកម្មទាំងអស់នៅលើសមុទ្រក្រហម ស្របតាមច្បាប់អន្តរជាតិ បញ្ឈប់ការយាយី និងការវាយប្រហារ និងរក្សាសុវត្ថិភាពនៃផ្លូវដឹកជញ្ជូន នៅសមុទ្រក្រហម។ លោកឯកអគ្គរដ្ឋទូត បាននិយាយ ដោយជំរុញឱ្យភាគីពាក់ព័ន្ធអនុវត្តការអត់ធ្មត់ និងបញ្ឈប់សកម្មភាព ដែលនឹងធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង។