យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលស៊ុយអែតបានឲ្យដឹងថា កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ (DCA) រវាងប្រទេសស៊ុយអែត និងសហរដ្ឋអាមេរិក បានចូលជាធរមាន កាលពីថ្ងៃព្រហស្បតិ៍។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pal Jonson បានចាត់ទុកថា កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ (DCA) ជា «មូលដ្ឋានសម្រាប់វិស័យការពារជាតិនៅអឺរ៉ុបខាងជើង» ហើយ វានឹងបង្កើតលក្ខខណ្ឌនានា សម្រាប់ការគាំទ្រ និងវត្តមានយោធាសហរដ្ឋអាមេរិក។

កាលពីខែធ្នូ ឆ្នាំ២០២៣ ប្រទេសស៊ុយអែត ហ្វាំងឡង់ និងប្រទេសដាណឺម៉ាក បានចុះហត្ថលេខា លើ កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ (DCA) ទ្វេភាគីជាមួយសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងទាំងនេះ នឹងចូលជាធរមាននៅពេលដែលត្រូវបានផ្តល់សច្ចាប័នដោយសភានៃប្រទេសនីមួយៗ។
យោងតាមទូរទស្សន៍ស៊ុយអែត បានរាយការណ៍ថា សភាប្រទេសស៊ុយអែត បានអនុម័តកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសកាលពីខែមិថុនា ទោះបីជាមានការប្រឆាំងពីគណបក្សឆ្វេងនិយម(Left Party) និងគណបក្សបៃតង(Green Party) ដែលបានរិះគន់កង្វះលក្ខខណ្ឌរបស់ខ្លួន ទាក់ទងនឹងអាវុធនុយក្លេអ៊ែរក៏ដោយ ។
នៅក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ (DCA) សហរដ្ឋអាមេរិក ត្រូវបានផ្តល់សិទ្ធិដំណើរការហេដ្ឋារចនាសម្ព័ន្ធយោធា នៅក្នុងប្រទេសទាំងនេះ។ សភាប្រទេសហ្វាំងឡង់ បានអនុម័តកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ (DCA) ជាមួយសហរដ្ឋអាមេរិក កាលពីខែកក្កដា ហើយកិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅថ្ងៃទី ១ ខែកញ្ញា។ រីឯ សភាប្រទេសដាណឺម៉ាក នៅមិនទាន់បានបោះឆ្នោតលើកិច្ចព្រមព្រៀងនេះនៅឡើយទេ។