បេក្ខភាពអនុប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងលោក ដូណាល់ ត្រាំ (Donald Trump) បានយល់ព្រមប្រឈមមុខគ្នាក្នុងការជជែកដេញដោលអនុប្រធានាធិបតីយ៉ាងហោចចំនួនមួយ ដោយទទួលយកការអញ្ជើញពីទូរទស្សន៍ ស៊ីប៊ីអេស (CBS News) នៅថ្ងៃទី០១ ខែតុលា។

CBS បានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃពុធថា ខ្លួនបានផ្តល់ការអញ្ជើញជជែកដេញដោលចំនួនបួនដង នៅក្នុងខែកញ្ញា និងខែតុលា ដល់អភិបាលរដ្ឋ មិនណេសូថា (Minnesota) លោក ធីម វ៉លស៍ (Tim Walz) និងព្រឹទ្ធសមាជិកបក្សសាធារណរដ្ឋ លោក ជេឌី វែនស៍ (J.D. Vance)។
លោក Walz បានឆ្លើយតបថា «ជួបគ្នានៅថ្ងៃទី០១ ខែតុលា» មុនពេលយុទ្ធនាការលោកស្រី Harris បានបញ្ជាក់ជាផ្លូវការថាខ្លួនបានទទួលយកកាលបរិច្ឆេទនោះ។ លោក Vance ក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ សីហា) ថាលោកបានទទួលយកការអញ្ជើញនោះផងដែរ ប៉ុន្តែថាលោកនឹងមិនធ្វើ «ការជជែកដេញដោលក្លែងក្លាយ ដែលមិនមានទស្សនិកជន» ដូចជាការជជែកថ្ងៃទី២៧ ខែមិថុនា រវាងលោក Trump និងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នោះទេ។
ជាមួយគ្នានេះ លោកស្រី Harris និងលោក Trump គ្រោងនឹងចាប់ផ្តើមការជជែកដេញដោលរបស់ពួកគេនៅថ្ងៃទី១០ ខែកញ្ញា ដែលរៀបចំដោយទូរទស្សន៍ អេប៊ីស៊ី (ABC News) ហើយអនុប្រធានាធិបតីអាមេរិករូបនេះក៏បាននិយាយថា ខ្លួនបើកចំហរក្នុងការជជែកដេញច្រើនដងបន្ថែមទៀត៕