លោក អាប់ឌុល ម៉ាលីក អាល់ហ៊ួទី (Abdul-Malik al-Houthi) ដែលជាមេដឹកនាំក្រុមហ៊ួទីនៅប្រទេស យេម៉ែន បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សចំនួន ៧៣ នាក់ ត្រូវបានសម្លាប់ និង ១៨១ នាក់ បានរងរបួស ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់ពួកគេប្រឆាំងនឹងអ៊ីស្រាអែល ក្នុងខែតុលា ឆ្នាំ ២០២៣។

ប្រតិបត្តិការទាំងនេះ ដែលក្រុមហ៊ួទី អះអាងថា គឺជា«ការគាំទ្រប្រជាជនប៉ាឡេស្ទីន» បានបង្កើនភាពតានតឹង នៅក្នុងតំបន់ និងទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ។
សេចក្តីថ្លែងការណ៍របស់ លោក អាល់ហ៊ួទី ដែលបានចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ Al-Masirah របស់ក្រុមនេះ បានរៀបរាប់លម្អិតអំពីចំនួននៃអ្វីដែលពួកគេហៅថា «ជ័យជម្នះ» នៅក្នុងសមរភូមិប្រយុទ្ធ។ យុទ្ធនាការនេះ បានធ្វើឡើង ស្របពេលជាមួយនឹងការកើនឡើងនៃសកម្មភាពយោធា នៅក្នុងតំបន់សមុទ្រក្រហម រួមទាំងការវាយប្រហារលើនាវាដែលក្រុមហ៊ួទី អះអាងថា មានទំនាក់ទំនងជាមួយអ៊ីស្រាអែល។
មេដឹកនាំក្រុមហ៊ួទី ក៏បាននិយាយទៅកាន់សកម្មភាពយោធារបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ នៅក្នុងប្រទេសយេម៉ែន ដោយបញ្ជាក់ថា យន្តហោះចម្បាំងអាមេរិក បានធ្វើការវាយប្រហារតាមអាកាសចំនួន ១០ លើក ក្នុងសប្តាហ៍នេះ។ ការវាយប្រហារចំនួន ៨លើក ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើខេត្តឆ្នេរ Hodeidah នៅសមុទ្រក្រហម ជាមួយនឹងការវាយប្រហារបន្ថែមទៀត នៅក្នុងខេត្ត Hajjah និងSanaa។
ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលបានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ ២០២៤ គឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយកងទ័ពជើងទឹករបស់ក្រុមហ៊ួទីទៅលើការដឹកជញ្ជូននៅក្នុងតំបន់នេះ។