ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ៍ បានពន្យារពេលការប្រកាសកាលបរិច្ឆេទបញ្ចប់សម្រាប់បេសកកម្មរបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ ដោយលើកឡើងពីការវិវឌ្ឍក្នុងតំបន់ នាពេលថ្មីៗនេះ។

ក្រសួងការបរទេសអ៊ីរ៉ាក់ បាននិយាយថា គ្មានកងកម្លាំងប្រយុទ្ធរបស់អាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ទេ គឺមានតែទីប្រឹក្សាដែលប្រតិបត្តិការនៅក្រោមក្រុមចម្រុះ។ ទីប្រឹក្សាទាំងនេះ គឺស្ថិតនៅគណៈកម្មការយោធាជាន់ខ្ពស់រួមដែលត្រូវបានបង្កើតឡើងរួមគ្នាដោយអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក ដើម្បីត្រួតពិនិត្យបេសកកម្ម របស់ក្រុមចម្រុះ នៅក្នុងប្រទេសអ៊ីរ៉ាក់។

ក្រសួងនេះ បាននិយាយថា ភាគីទាំងពីរ ជិតឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការកំណត់ពេលវេលានៃការដកចេញ ប៉ុន្តែ «ព្រឹត្តិការណ៍ថ្មីៗ» បានពន្យារពេលការប្រកាសនេះ។
រដ្ឋាភិបាលអ៊ីរ៉ាក់ បានស្នើម្តងហើយម្តងទៀតឲ្យសហរដ្ឋអាមេរិកដកទ័ពចេញពីប្រទេសអារ៉ាប់នេះ។ សហរដ្ឋអាមេរិក បានបញ្ជាក់ពីការពិភាក្សាជាមួយអ៊ីរ៉ាក់អំពីអនាគតរបស់ក្រុមចម្រុះ ប៉ុន្តែបានបដិសេធគម្រោងដកកងទ័ពចេញ។